ព័ត៌មានជាតិ

នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈបើកកិច្ចប្រជុំផ្ទៃក្នុង ស្ដីពីការបូកសរុប លទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត

(ភ្នំពេញ)៖ នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃបេឡាជាតិសន្តិសុខសង្គម នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំផ្ទៃក្នុង ស្ដីពីការបូកសរុបលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

កិច្ចប្រជុំពិភាក្សានេះ ផ្ដោតលើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖
(១). ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសម្រេចបានប្រចាំខែរបស់ការិល័យទាំង៤ និងផ្នែករដ្ឋបាល និងបុគ្គលិក
(២). ការសាមគ្គីភាពផ្ទៃក្នុងរវាងការិយាល័យចំណុះនាយកដ្ឋាន
(៣). លទ្ធផលការងារ ដំណោះស្រាយលើបញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំមន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៅតែបន្ដអនុវត្ដទិសដៅការងារ និងបន្តការងាររបស់នាយកដ្ឋាន ដោយត្រូវខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ច្បាស់លាស់ ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស.។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោកប្រធាន លោក/លោកស្រី អនុប្រធាននាយកដ្ឋាន លោក/ លោកស្រី ប្រធាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ប្រមាណជាង២០រូប៕