(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្នុងពេលចុះពិនិត្យស្រែប្រាំង ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញខេត្តកំពង់ធំ បន្តតាមដាន និងអន្តរាគមន៍ទឹក ខណៈស្រែប្រាំងចំនួនជិត៤ពាន់ហិកតាត្រូវបានសង្គ្រោះ។
ក្នុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដែលបានចុះជួបជាមួយប្រជាកសិករ ក្នុងការពិនិត្យ និងឆ្លើយតបពីបញ្ហាដែលកំពុងប្រឈមដោយសារការកង្វះទឹកស្រោចស្រពដែលអាចខូចខាតដំណាំទាំងស្រុងរបស់កសិករ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការរបស់រាជរដ្ឋាភិបាល មានការយកចិត្តទុកដាក់ខ្ពស់ចំពោះដំណាំស្រូវ ពិសេសស្រែប្រាំងរបស់កសិករដែលកំពុងជួបប្រទះតាមបណ្តានានា ដើម្បីឆ្លើយតប និងដោះស្រាយជាបន្ទាន់ក្នុងពេលដែលស្រែប្រាំងមួយចំនួនខ្វះទឹកសម្រាប់ស្រោចស្រព។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញបន្តការយកចិត្តទុកដាក់លើសកម្មភាពតាមដានពីទិន្នផលស្រែប្រាំង និងត្រៀមអន្តរាគមន៍ផ្តល់ទឹកស្រែប្រាំងរបស់កសិករឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការការខូចខាតដំណាំរបស់ពួកគាយ់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ខេត្តកំពង់ធំមានផ្ទៃដីខ្វះទឹកចំនួន ៤,៥៩៣ហិកតា។ ក្នុងនោះផ្ទៃដីសង្គ្រោះបាន ៣,៧៦០ហិកតា, ផ្ទៃដីបន្តសង្គ្រោះ ៤៩៣ហិកតា និងផ្ទៃដីខូចខាត ៣៤០ហិកតា៕