ព័ត៌មានជាតិ

ឯកឧត្តម ម៉ម ប៊ុននាង  សហការជាមួយវេជ្ជបណ្ឌិតស័គ្រ្មរចិត្តបស់ប្រទេសបារាំង អញ្ជើញជួបសំណេះសំណាល និង ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនយកកម្រៃ នៅឃុំតាលន់ ស្រុកស្អាង

(ខេត្តកណ្តាល)៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានសហការជាមួយវេជ្ជបណ្ឌិតស្ម័គ្រចិត្ត Solidarity Mission (Bioderma) ប្រទេសបារាំង របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ សរុបចំនួន៣០០នាក់ ក្នុងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុម បានមានប្រសាសន៍ កោតសសើរដល់វេជ្ជបណ្ឌិតស្ម័គ្រចិត្ត របស់ប្រទេសបារាំង ចុះមកពិនិត្យ និងព្យាបាល ព្រមទាំងផ្តល់ថ្នាំជូនទៅតាមប្រភេទជំងឺ ក្នុងស្មារតីមនុស្សធម៌ ដែលស្តែងចេញពីទឹកចិត្តសប្បុរស ក្តីស្រលាញ់ ព្យាបាលមិនប្រកាន់បក្សពួក ជាតិសាសន៍ សាសនា និន្នាការនយោបាយ សំដៅរួមចំណែកជាមួយរដ្ឋាភិបាលជួយកាត់បន្ថយការលំបាករបស់បងប្អូនបានមួយចំណែក។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុម សង្ឃឹមថា ក្រុមគ្រូពេទ្យនឹងបន្តធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាចុះជួយនៅភូមិភាគទី៣ និងភូមិភាគនានាជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងថែរក្សាសុខភាពឱ្យបានល្អ ស្លៀកសម្លៀកបំពាក់អោយក្រាស់ៗក្នុងខែត្រជាក់ ហើយត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានទៀងទាត់ និងពិសារហារណាដែលមានអនាម័យ និងតមប្រៃ តមផ្អែម ផងដែរ។

សូមជម្រាបថា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយក សម្លៀកបំពាក់ និងកាបូបស្ពាយ មកចែកជូនដល់សិស្សានុសិស្ស សរុបចំនួន៣០០កញ្ចប់ផងដែរ៕