ខេត្តកំពង់ឆ្នាំង, នាសាលប្រជុំ នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំការប្រជុំត្រួតពិនិត្យលើការងារតំបន់ ៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ដោយមានការចូលពីក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមគ្រប់លំដាប់ថ្នាក់ លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងលោកអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី អភិបាល អភិបាលរង នៃ គណៈអភិបាលស្រុកពាក់ព័ន្ធ និង លោក លោកស្រី មេឃុំពាក់ព័ន្ធទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា របៀបវារៈនៃកិច្ចប្រជុំនាពេលនេះ ផ្តោតលើការងាររៀបចំផែនការយុទ្ធសាស្ត្រ និងឈានទៅអនុវត្តជាបន្ទាន់នូវកិច្ចការពារតំបន់៣ ដែលមានព្រំច្រើនជាង១០០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង លាតសន្ធឹងពីខេត្តកណ្តាលទៅទល់នឹងខេត្តពោធិ៍សាត់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ជាម្ចាស់កម្មសិទ្ធិករ ដែលមានប្លង់រឹងចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី កាន់កាប់លើដីតំបន់៣នៃបឹងទន្លេសាបចំនួន ៦៥ក្បាលដី ដែលមានព្រំលាតសន្ធឹងពីកើតទៅលិចប្រវែងជាង ១០០ គីឡូម៉ែត្រ។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា អាស្រ័យដោយមានបទល្មើសទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ កើតមានច្រើន ក្រសួងធនធានទឹក និងឧតុនិយមនឹងអនុវត្តនូវដែនយុត្តាធិការរបស់ខ្លួន ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធនានា កសាងនូវប្រព័ន្ធប្រឡាយស្រកាត្រី(Cascade) ព្រំតំបន់៣ ដ៏មានសារៈសំខាន់បំផុតក្នុងការរក្សាទឹកទុកប្រកបដោយស័ក្តិសិទ្ធិភាព។ ទន្ទឹមនឹងនេះជួយដល់ការគ្រប់គ្រងធនធានទឹក និងធនធានធម្មជាតិ និងការបញ្ជាលើការប្រើប្រាស់ទឹកដ៏មានប្រសិទ្ធភាពខ្ពស់ បម្រើឱ្យការស្រោចស្រពប្រកបដោយសុវត្ថិភាពនិងមាននិរន្តរភាពបានចំនួន ៣០០០០ហិកតា បន្ថែមទៀតជូនបងប្អូនប្រជាពលរដ្ឋក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុជាសកលនេះ៕