ព័ត៌មានជាតិ

មន្ត្រីជំនាញនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយមចុះត្រួតពិនិត្យការងារស្តារប្រឡាយគោករាក់ ក្នុងភូមិសាស្ត្រខេត្តកំពត

 

(កំពត)÷នៅថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីជំនាញនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះត្រួតពិនិត្យប្រឡាយគោករាក់ នៅឃុំភ្នំប្រាសាទ និងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានចុះពិនិត្យការងារស្តារប្រឡាយបឹងស្លែង ប្រឡាយស្បូវអណ្តែត និងប្រឡាយចុងសួង ដើម្បីនាំទឹកពីស្ទឹងទូកមាស និងព្រែកតន់ហន់ សង្គ្រោះស្រូវប្រាំងរបស់​ប្រជាកសិករដែលកំពុងប្រឈមខ្វះទឹក។

ជាលទ្ធផល ក្រុមការងារបានឱ្យដឹងថា មកដល់ពេលនេះ កិច្ចអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងរបស់​ប្រជាកសិករសម្រេចបានចំនួន ៤៥៣០ហិកតា៕