ព័ត៌មានជាតិ

ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ចុះអន្តរាគមន៍បញ្ជូនទឹកសង្រ្គោះស្រូវប្រាំងប្រជាកសិករក្នុងខេត្តតាកែវ

 

(តាកែវ)÷នៅថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម អមដោយលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងមន្ត្រីជំនាញក្រសួង ដោយមានកិច្ចសហការជាមួយលោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងលោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរមូលដ្ឋានបានចុះអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករ ចំនួន ៩ឃុំ នៃស្រុកបាទី ក្នុងខេត្តតាកែវ។

សូមជម្រាបថា កាលពីសប្តាហ៍កន្លងទៅ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងរបស់ប្រជាកសិករ ក្នុងឃុំពត់សរ ឃុំក្រាំងធ្នង់ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំពារាម ឃុំចំបក់ ឃុំដូង និងឃុំត្នោត ក្នុងស្រុកបាទី ខេត្តតាកែវ ចំនួន ៤០៥០ហិកតា ដែលប្រឈមខ្វះទឹក ដោយបានប្រើប្រាស់ស្ថានីយបូមទឹកចំនួន៤ ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង និងអេស្កាវ៉ាទ័រចំនួន ២គ្រឿង ដើម្បីកាយនាំទឹក។

ឯកឧត្តមអគ្គនាយកបានឱ្យដឹងថា ផែនការបង្កបង្កើនផលស្រូវប្រាំងក្នុងស្រុកបាទីមានចំនួន ២ ០០០ហិកតា ប៉ុន្តែជាក់ស្តែងបងប្អូនប្រជាពលរដ្ឋធ្វើស្រែប្រាំងរហូតដល់ ៤ ០៥០ហិកតា ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះប្រភពទឹកពីបឹងទន្លេបាទីមានកម្រិតទឹកទាប មិនគ្រប់គ្រាន់សម្រាប់បញ្ជូនទៅតាមប្រឡាយហនុមាន ដើម្បីអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមខ្វះទឹកនោះទេ តម្រូវឱ្យមានកិច្ចអន្តរាគមន៍បើកទឹកពីទំនប់តាសាលទំលាក់មកជួយបន្ថែមទៀត។

ជាកិច្ចអន្តរាគមន៍ជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានបញ្ជាឱ្យបើកទ្វារទឹកទំនប់តាសាល ដើម្បីបញ្ជូនទំលាក់មកទំនប់រលាំងជ្រៃសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងច្បារមន ស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងស្រោចស្រពផលដំណាំ និងបញ្ជូនបន្តតាមស្ទឹងព្រែកត្នោតមកទំនប់៧មករាកំពង់ទួល ដើម្បីបញ្ជូនបន្តតាមប្រឡាយ ៧៨ ចូលអាងទន្លេបាទី។

ឯកឧត្តមអគ្គនាយកបានបញ្ជាក់ថា ពេលនេះទឹកបានធ្លាក់មកដល់ទំនប់៧មករាកំពង់ទួល ហើយក្រុមការងារកំពុងដើរបិទទ្វារទឹកតាមសណ្តប្រឡាយ៧៨ និងបានលើកទ្វារទឹកនៅខាងចុងប្រឡាយ៧៨ ដើម្បីបញ្ជូនចូលអាងទន្លេបាទី រួចបញ្ជូនចេញទៅប្រឡាយហនុមាន បម្រើការស្រោចស្រពផ្ទៃដីស្រូវប្រាំងប្រជាពលរដ្ឋក្នុងឃុំចំនួន៩ នៃស្រុកបាទី ចំនួន ៤០៥០ហិកតា និងដំណាំរួមផ្សំ ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕