(ភ្នំពេញ)÷នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងឯកឧត្តមអនុប្រធានអាជ្ញាធរទន្លេសាប និងមន្ត្រីបច្ចេកទេស បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សា និងត្រួតពិនិត្យការចុះបញ្ជីដីធ្លីនៅផ្នែកខាងក្រោមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ នៅតំបន់ទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមបញ្ជាក់ថា កិច្ចប្រជុំដែលមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តទាំង ៦ នៅជុំវិញបឹងទន្លេសាប បានពិភាក្សាពីការចុះបញ្ជីដីធ្លីតំបន់១ តំបន់២ និងតំបន់៣ នៃបឹងទន្លេសាប តាមដងផ្លូវជាតិលេខ៥ និងលេខ៦ និងជំរុញការចុះបញ្ជីប្លង់ជាប្រព័ន្ធឱ្យបានឆាប់រហ័សបំផុត៕