ព័ត៌មានជាតិ

ឯកឧត្តម តន់ វ៉ាន់ថារ៉ា ចុះអន្តរាគមន៍បូមទឹកស្រោចស្រពស្រូវរដូវប្រាំង ជូនប្រជាកសិករ ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង

 

(ព្រៃវែង – ស្វាយរៀង)÷ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានសម្របសម្រួលការងារធនធានទឹកខេត្តព្រៃវែង និងខេត្តស្វាយរៀង រួមជាមួយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ និងអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងជូនដល់ប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ មន្រ្តីបច្ចេកទេសក្រសួង និងលោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងសហការី រួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យស្ថានភាពទឹក ការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងសកម្មភាពអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងដែលកំពុងប្រឈមខ្វះទឹក ក្នុងភូមិសាស្ត្រឃុំជ្រៃ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ឃុំឃ្នេស ស្រុកមេសាង និងឃុំស្មោងជើង ស្រុកកំចាយមា ខេត្តព្រៃវែង។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ក្រុមការងារបានអន្តរាគមន៍បូមទឹកពីបឹងកំពិត ដោយប្រើម៉ាស៊ីនបូមទឹកបង្ហូរចូលតាមប្រឡាយមេប្រវែង ៨០ ០០០ម៉ែត្រ ដើម្បីសង្គ្រោះស្រូវរដូវប្រាំងរបស់ប្រជាកសិករចំនួនជាង ២៧ ០០០ហិកតា។

ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តម សរ សុដានី អភិបាលរងខេត្តស្វាយរៀង រួមជាមួយមន្រ្តីបច្ចេកទេសក្រសួងបានចុះពិនិត្យស្ថានភាពទឹក ការងារបង្កបង្កើនផល និងការអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងក្នុងខេត្តស្វាយរៀង។

ឯកឧត្តមរដ្ឋលេខាធិការ និង ឯកឧត្តម សរ សុដានី អភិបាលរងខេត្តស្វាយរៀង អមដំណើរដោយលោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោក ហែម ស៊ីណា អភិបាលស្រុករំដួល និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំង ស្ថិតនៅឃុំជ្រៃធំ ឃុំមុខដា ឃុំត្រពាំងស្ដៅ ស្រុករមាសហែក និងឃុំធ្មា ឃុំម៉ឺនជ័យ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជា់ក់ថា ក្រុមអន្តរាគមន៍បានប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន៤គ្រឿង បូមទឹកចេញពីអាងទឹកកីចក បញ្ចូលទៅក្នុងប្រឡាយមេកីចក ប្រវែង ២៩ ០០០ម៉ែត្រ ដើម្បីចែកចាយទឹកតាមប្រឡាយរងមួយចំនួនទៀតតាមបណ្ដោយប្រឡាយមេកីចក ជួយសង្គ្រោះស្រូវប្រាំង ចំនួន ១ ៦៩០ហិកតា ស្ថិតនៅឃុំជ្រៃធំ ឃុំមុខដា ឃុំត្រពាំងស្ដៅ ស្រុករមាសហែក និងឃុំធ្មា ឃុំម៉ឺនជ័យ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំឱ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងខេត្តស្វាយរៀង ព្រមទាំងសហការីឱ្យបន្តយកចិត្តទុកដាក់ពិនិត្យស្ថានភាពទឹក ស្ថានភាពការងារបង្កបង្កើនផល និងបន្តចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករឱ្យបានទាន់ពេលផងដែរ៕