ព័ត៌មានជាតិ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពសម្តេច គង់ សំអុល

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានអញ្ជើញដឹកនាំប្រតិភូអគ្គបញ្ជាការដ្ឋាន ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល។

សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបង្ហាញសមានទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសម្តេច គង់ សំអុល ដែលកំពុងឃ្លាតចាកឆ្ងាយស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួតពោរពេញដោយព្រហ្មវិហារធម៌ និងសូមគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕