(ខេត្តកណ្តាល)÷ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាសមាជិកក្រុមការងារគណៈកម្មការអន្តរក្រសួងសម្រាប់ការសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់សំណង់ការពារច្រាំង និងការរអិលបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។
សូមជម្រាបថា ការចុះពិនិត្យការងារនាពេលនេះមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រោមឱវាទក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា គិតមកដល់ពេលនេះ ការងារសាងសង់សំណង់ការពារច្រាំងទន្លេប្រវែង ១២០០ម៉ែត្រ សម្រេចបាន ៦០%។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា តាមការពិនិត្យស្ថានភាពជាក់ស្តែង នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេបានចុះសិក្សាបន្តគឺមានការប៉ះពាល់ប្រវែង ២៣០០ម៉ែត្រ បន្ថែមទៀត ដោយក្នុងនោះច្រាំងដែលបាននិងកំពុងរងការប៉ះពាល់ពីការច្រោះបាក់ខ្លាំងមានប្រវែង ១៦០០ម៉ែត្រ ដែលត្រូវការថវិកាបន្ទាន់សម្រាប់ធ្វើការសាងសង់សំណង់ការពារច្រាំងបន្ត។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំអ្នកអនុវត្តគម្រោង ជាពិសេសអាជ្ញាធរមូលដ្ឋានសង្កាត់ព្រែកជ្រៃធ្វើការសហការសម្របសម្រួលជាមួយប្រជាពលរដ្ឋបើកច្រកដឹកសម្ភារៈចូលការដ្ឋាន ដើម្បីពន្លឿនការសាងសង់ឱ្យបានបញ្ចប់មុនកម្រិតកម្ពស់ទឹកទន្លេកើនឡើង៕