ព័ត៌មានជាតិ

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំ​ការ ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំកិច្ចប្រជុំស្តីអំពី​វឌ្ឍនភាពនៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា

 

(ភ្នំពេញ)÷នៅទីស្តីការក្រសួង​ នារសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងធនធានទឹក​ និងឧតុនិយម និង​ជា​នាយក​អង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក​​បាន​ដឹកនាំកិច្ចប្រជុំ​ស្តី​អំ​ពី​វឌ្ឍនភាពនៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា​(CaWSIP)។

សូមជម្រាបថា​ កិច្ចប្រជុំនេះ​​​មានការចូលរួមពីឯកឧត្តម​បណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ​​​ និង​ជា​នាយក​​ក្រុមការងារអនុវត្តគម្រោង​​និងលោក​​​ប្រធាន​​គ្រប់គ្រង​គម្រោង​​​ ព្រមទាំងសមាជិក​ សមាជិកា​នៃ​ក្រុម​ការងារអនុវត្តគម្រោង​ទាំងអស់​។

ជាកិច្ចចាប់ផ្តើម​ ឯកឧត្តមរដ្ឋលេខាធិការ​ប្រចាំការ​ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម​​ លោក​ លោកស្រី​ សមាជិក​ សមាជិកាទាំ​ងអស់ដែលបានចូលរួម​ក្នុងកិច្ចប្រជុំដ៏មាន​សារ​សំ​ខាន់​នេះ។

ក្នុងកិច្ចប្រជុំ​ ​ឯកឧត្តម​រដ្ឋលេខាធិការប្រចាំការ​ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តមបណ្ឌិត អឿង ចន្ថា នាយក​ក្រុមការងារអនុវត្តគម្រោង​​​ធ្វើបទបង្ហាញសង្ខេបអំពីវឌ្ឍនភាពការងារគម្រោង និងអនុញ្ញាត​ឱ្យ​ក្រុម​ការងារនីមួយៗ​ នៃគម្រោងធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់ខ្លួន និងទិសដៅ​អនុវត្ត​ផែនការការងារបន្តរបស់គម្រោង ដើម្បីឱ្យការ​ប្រព្រឹត្តទៅកាន់តែរលូន ​និងមានប្រសិទ្ធភាព។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានលើកទឹកចិត្ត​​ដល់ក្រុមការងារអនុវត្តគម្រោងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងនេះកាន់តែមានប្រសិទ្ធភាពនិង​​ទទួលបានជោគជ័យ៕​