(ភ្នំពេញ)÷ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំដើមត្នោត នៃទីស្តីការក្រសួង ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការរៀបចំតាក់តែង និងធ្វើបច្ចុប្បន្នកម្មគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំលើកទី៤ នេះ មានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋាន ដែលជាសមាជិកអនុគណៈកម្មការ។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ ២០២៤-២០២៨ ដោយបានបែងចែកជា ៤ជំពូក៖ ជំពូកទី១៖ សមិទ្ធផលស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ ២០១៩-២០២៣ ជំពូកទី២៖ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ ២០២៤-២០២៨ ជំពូកទី៣៖ ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ ២០២៤-២០២៨ ជំពូកទី៤៖ សេចក្តីសន្និដ្ឋាន និងអនុសាសន៍សម្រាប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ ២០២៤-២០២៨។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងលម្អិតអំពីមាតិកា អត្ថន័យ អក្ខរាវិរុទ្ធ ការប្រើប្រាស់ពាក្យ និងមានការកែតម្រូវទៅលើខ្លឹមសារ ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេច លេខ១៤៨ បង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំតាក់តែង និងធ្វើបច្ចុប្បន្នកម្មច្បាប់ គោលនយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ដោយមាន ការបែងចែកជាអនុគណៈកម្មការចំនួន៥ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារគតិយុត្តរបស់ក្រសួង ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
អង្គប្រជុំបានសម្រេច បន្តកិច្ចប្រជុំលើកទី៥ នៅសប្តាហ៍ទី២ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ៕