ព័ត៌មានជាតិ

ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចូលរួមកិច្ចប្រជុំអន្តរក្រសួងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

 

(ភ្នំពេញ)÷នៅថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការក្រសួងធនធនទឹក និងឧតុនិយម និងជាសមាជិកគណៈកម្មការ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃ។

សូមជម្រាបថា កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តី នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការអន្តរក្រសួង និងមានសមាជិកគណៈកម្មការចូលរួមសរុបប្រមាណ ៣៩រូប។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បីបន្តនិរន្តរភាពនៃកិច្ចចរចាជាមួយភាគីវៀតណាម បន្តសាងសង់សំណង់រឹងមាំ ដើម្បីការពារច្រាំងទន្លេនិងព្រែកព្រំដែនខាងកម្ពុជា និងអនុវត្តកិច្ចការនានា ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនឱ្យសម្រេចតាមផែនការដូចបានគ្រោងទុក។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តឱ្យដឹងថា កិច្ចប្រជុំបានស្តាប់ ពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនគឺ៖ ១)ការប្រកាសសមាសភាពនិងតួនាទីភារកិច្ចរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ២) វឌ្ឍនភាពការងារសាងសង់ច្រាំងព្រែកជ្រៃធំនៅស្រុកកោះធំ ខេត្តកណ្តាល ៣)វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់នៅស្រុកកោះធំ ខេត្តកណ្តាល និង ៤) ការគ្រប់គ្រងព្រំដែន បញ្ហាប្រឈមនិងសំណូមពររបស់រដ្ឋបាលខេត្តកណ្តាល។

ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននិងជាប្រធានអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ ការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ខ្ពស់របស់អ្នកពាក់ព័ន្ធទាំងអស់ និងបានស្នើឱ្យបន្តជួយតាមដានការងារនៅតាមព្រំដែន ដោយរាយការណ៍បន្ទាន់ពេលមានបញ្ហាអ្វីមួយកើតឡើង និងសូមបន្តការងារសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ នៅស្រុកកោះធំ ខេត្តកណ្តាលនេះឱ្យបានចប់ទៅតាមផែនការដែលបានគ្រោងទុក៕