(ភ្នំពេញ)÷នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យ លោក ម៉ា យ៉ាដុង នាយកផ្នែកទីផ្សារក្រុមហ៊ុនចិន China Camc Engineering Co., LTD ដែលជាបុត្តសម្ព័ន្ធក្រុមហ៊ុន ស៊ីណូម៉ាច (SINOMACH) និងតំណាងក្រុមហ៊ុននាំចូលសម្ភារឧតុនិយម DPCHT CO., LTD ចូលជួប ក្នុងពេលវេលាដាច់ដោយឡែកពីគ្នា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្វែងយល់ពីគោលបំណង និងទស្សនវិស័យរបស់ក្រុមហ៊ុន។
ថ្លែងក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអំពីភារកិច្ចរបស់ក្រសួងធនធានទឹក និងឧតុនិយម និងទស្សនវិស័យរបស់ក្រសួងនានីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឱ្យកាន់តែរីកចម្រើនឈានទៅដល់ការធានាសន្តិសុខទឹកគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កើនផលលើវិស័យកសិកម្ម និងធានាបានសក្តានុពលទឹកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ មួយវិញសោត ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត ផែនការស្តារអាងទឹកសំខាន់ៗ និងការអភិវឌ្ឍលើវិស័យឧតុនិយមឱ្យកាន់តែមានភាពរីកចម្រើន ក៏នៅតែជាកិច្ចការអាទិភាពដែលក្រសួងកំពុងផ្តោតនិងយកចិត្តទុកដាក់ផងដែរ។
លោក ម៉ា យ៉ាដុង នាយកផ្នែកទីផ្សារក្រុមហ៊ុន China Camc Engineering Co., LTD បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តីផងដែរថា ក្រុមហ៊ុនលោកគឺជាក្រុមហ៊ុនមានជំនាញលើកិច្ចការពាក់ព័ន្ធវិស័យកសិកម្ម វិស័យធារាសាស្រ្តនិងសំណង់ វិស័យថាមពល និងវិស័យទំនាក់ទំនង។ ក្រុមហ៊ុន China Camc Engineering Co., LTD បានអនុវត្តគម្រោងជាច្រើនទទួលបានជោគជ័យនៅទ្វីបអាស៊ី ទ្វីបអាហ្រ្វិក ទ្វីបអាមេរិក និងតំបន់អឺរ៉ុបខាងកើត។
នៅថ្ងៃជាមួយគ្នាផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានទទួលជួបតំណាងក្រុមហ៊ុន DPCHT CO.,LTD ជាក្រុមហ៊ុនមានជំនាញផ្នែកសេវាជលសាស្រ្ត-ឧតុនិយម មកពីស្រុកបារាំង និងបានពិភាក្សាអំពីកិច្ចសហការលើកិច្ចការជួសជុលថែទាំស្ថានីយជលសាស្រ្ត-ឧតុនិយម និងការរៀបចំឱ្យមានជាប្រព័ន្ធស្តង់ដារួមមួយសម្រាប់ទទួលព័ត៌មានពីស្ថានីយជលសាស្រ្ត-ឧតុនិយមនៅទូទាំងប្រទេស ដើម្បីបង្កើនការវិភាគសេវាជលសាស្រ្ត-ឧតុនិយមឱ្យកាន់តែមានសុក្រឹតភាពនិងប្រសិទ្ធភាព ឈានទៅដល់ការកាត់បន្ថយបានគ្រោះមហន្តរាយធម្មជាតិជាអតិបរមា។
កិច្ចជំនួបបានប្រព្រឹត្តទៅ និងបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាលនិងទទួលបាននូវទំនាក់ទំនងល្អប្រសើរ៕