ព័ត៌មានជាតិ

គណៈកម្មការទី៨នៃរដ្ឋសភា​ ស្នើសុំឱ្យថ្នាក់ដឹកនាំខេត្តប៉ៃលិនខិតខំផ្សព្វផ្សាយពីការបង្ការជំងឺមិនឆ្លង​ និងគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានទូលំទូលាយ

 

(ខេត្តប៉ៃលិន)៖លោកជំទាវ ឡោក ខេង ប្រធានគណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា បានកោតសរសើរពីភាពរីកចម្រើនស្ទើរគ្រប់វិស័យរបស់ខេត្តប៉ៃលិន នៅក្នុងជំនួបពិភាក្សាការងារជាមួយ​ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងប្រធានមន្ទីរពាក់ព័ន្ធនានាក្នុងខេត្តប៉ៃលិន ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាពការងារ​ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងគោលនយោបាយនានា ដែលពាក់ព័ន្ធនឹងវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដែលប្រព្រឹត្តទៅនៅសាលាខេត្តប៉ៃលិន នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានរាយការណ៍ជូនពីវឌ្ឍនភាពការងាររបស់ខេត្ត ទាក់ទងនឹងវិស័យខាងលើ។ លោកជំទាវបានបញ្ជាក់ជូនថា ជំងឺមិនឆ្លងមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺមហារីក ជំងឺផ្លូវចិត្ត កំពុងតែមានការរីកធំធាត់គួរឱ្យចាប់អារម្មណ៍ ដូច្នេះខេត្តបាននឹងកំពុងជំរុញឱ្យមន្ទីរការងារ និងប.ស.ស ចុះផ្សព្វផ្សាយជាប្រចាំតាមសហគ្រាស ទីប្រជុំជន និងតាមមូលដ្ឋាន។ លើសពីនេះទៅទៀត ខេត្តបានរៀបចំបើកប្រាក់គោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍, បានចែកស្បៀងជូនប្រជាពលរដ្ឋរងគ្រោះ​ និងងាយរងគ្រោះ, ជំរុញឱ្យស្ត្រីមេម៉ាយ ស្ត្រីក្រីក្រគ្មានទីពឹង​ និងក្មេងស្រីបោះបង់ការសិក្សា និងយុវជនក្រីក្រងាយរងគ្រោះ បានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្រៅពីនេះ លោកជំទាវក៏បានបង្ហាញពីការព្រួយបារម្ភ ដែលខេត្តជួបប្រទះកន្លងមកនៅតាមមន្ទីរទាំង៤ រួមមាន៖ កង្វះធនធានមនុស្ស មន្ត្រីជំនាញបច្ចេកទេស និងសម្ភារៈបរិក្ខារពេទ្យជាដើម។

ក្រោយពីបានស្តាប់របាយការណ៍របស់លោកជំទាវបណ្ឌិតអភិបាលខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធរួចមក លោកជំទាវប្រធានគណៈកម្មការទី៨ បានបន្តលើកទឹកចិត្ត ជំរុញអោយថ្នាក់ដឹកនាំ​ និងភាគីពាក់ព័ន្ធក្នុងខេត្ត ពង្រឹងកិច្ចសហការបង្កបរិយាកាសអំណោយផលដល់ ក្រុមទ្រទ្រង់សុខភាពភូមិ ខិតខំផ្សព្វផ្សាយ បង្កើនការអប់រំសេវាបង្ការជំងឺមិនឆ្លង​ ដែលរួមមានជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម ជំងឺផ្លូវចិត្តជាដើមជូនពលរដ្ឋដោយពន្យល់ពួកគាត់អោយចាប់ផ្តើមធ្វើលំហាត់ប្រាណ ចេះកំណត់របបអាហារ(មិនប្រៃ មិនផ្អែម និងខ្លាញ់តិច) ផ្សព្វផ្សាយពីការបង្ការជំងឺមិនឆ្លង ចូលរួមសហការបង្កើតខ្លីបវីដេអូអប់រំ និងចាក់ផ្សាយនៅកន្លែងដែលបងប្អូនប្រជាពលរដ្ឋអង្គុយរង់ចាំពិនិត្យព្យាបាលជំងឺ, នៅក្នុងរោងបាយរបស់រោងចក្រទាំងអស់ជាដើម។

ជាមួយគ្នានេះ​ លោកជំទាវបានស្នើសុំឱ្យខេត្ត មន្ទីរកិច្ចការនារី និងមន្ទីរការងារ ត្រូវចូលរួមសហការគ្នា ចុះផ្សព្វផ្សាយទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋក្រីក្រ ងាយរងហានិភ័យ នៅតាមភូមិឃុំឱ្យមកចូលរៀននៅសាលាបណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្តឱ្យបានកាន់តែច្រើន និងស្នើឱ្យអាជ្ញាធរខេត្តធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនៅតាមភូមិ ឬធ្វើចំណាកស្រុកឱ្យបានពិតប្រាកដ ដើម្បីឱ្យបានទិន្នន័យត្រឹមត្រូវក្នុងការរៀបចំផែនការបណ្តុះបណ្តាល និងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំខេត្ត ខិតខំព្យាយាមអូសទាញយុវជនដែលធ្លាប់ធ្វើចំណាកស្រុកទៅក្រៅប្រទេស និងសិស្សដែលបានរៀនចប់ហើយមានការងារធ្វើល្អប្រសើរ ឱ្យមកធ្វើជាសកម្មជនចុះផ្សព្វផ្សាយដល់មូលដ្ឋានដែលខ្លួនរស់នៅ ឱ្យយល់ពីអត្ថប្រយោជន៍នៃការរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីកម្ពុជាឈានទៅសម្រេចបាននូវគោលនយោបាយបណ្តុះបណ្តាលយុវជន១លាន ៥សែននាក់ និងកាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។