(ព្រៃវែង)៖ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវ របស់ប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងការខូចខាតដោយសារដង្កូវហ្វូង ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញ អោយចុះពិនិត្យ និងតាមដានជាប្រចាំ ហើយក៏បានអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញដង្កូវហ្វូង នៅក្នុុងភូមិសាស្ត្ររបស់ខ្លួន។
ទីតាំងដែល ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីជំនាញបានចុះត្រួតពិនិត្យនេះបង្កបង្កើនផលស្រូវបាន ៣ដង ក្នុងមួយឆ្នាំ ហើយអាចទទួលបានទិន្នផលជាមធ្យម ៧តោនក្នុង ១ហិកតា។
សូមបញ្ជាក់ផងដែរថា ក្នុងភូមិសាស្ត្រខេត្តព្រៃវែងបច្ចុប្បន្នបានទទួលរងផលប៉ះពាល់ដោយសារដង្កូវហ្វូងនេះប្រមាណ៧ ទៅ៨ហិកតាប៉ុណ្ណោះ ហើយចំពោះមុខមន្ត្រីជំនាញបានធ្វើការបាញ់ថ្នាំសម្លាប់ និងបន្តតាមដានត្រូតពិនិត្យជាប្រចាំផងដែរ។