(កំពង់ចាម)៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្នុងខេត្តកំពង់ចាម។
ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា បញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលយើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា និងមិនមានការយោគយល់ និងលើកលែង ជាដាច់ខាតចំពោះករណីល្មើសមួយនេះ ។ ផ្ទុយទៅវិញ ឯកឧត្តមនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះបុគ្គលដែលមានសមត្ថកិច្ចណា លូកដៃចូលអន្តរាគមន៍ក្នុងបទល្មើសគ្រឿងញៀននេះ។
គួរបញ្ជាក់ថា គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញនាពេលនេះមាន ចំនួនជាង 3,7kg ដែលប្រព្រឹត្តទៅនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់៕