ព័ត៌មានជាតិ

លោកជំទាវ ឡោក ខេង បានជំរុញឱ្យអាជ្ញាធរខេត្តពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលទាក់ទងនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក នៅខេត្តពោធិ៍សាត់

 

(ពោធិ៍សាត់)៖នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈ កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨នៃរដ្ឋសភា) ដឹកនាំដោយ​ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់​ រួមមាន​ ឯកឧត្តម ស៊ុយ សែម ឯកឧត្តម កែវ វីរៈ ឯកឧត្តម ទី ថានី ឯកឧត្តម រ៉ូហ្វី អូស្មាន បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីចុះពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ បានរាយការណ៍ជូនគណៈប្រតិភូអំពីវឌ្ឍនភាពការងារ ដែលខេត្តសម្រេចបាននាពេលកន្លងមក។ តាមរយៈឯកឧត្តមអភិបាល៖ ប្រជាពលរដ្ឋ និងកុមារនៅក្នុងខេត្តបានមកទទួលសេវាសុខាភិបាលជាច្រើន​ និងបានចាក់វ៉ាក់សាំងបង្ការជំងឺដល់កុមារក្រោមអាយុ១ឆ្នាំ ដោយបានប្រើប្រាស់ប័ណ្ណ ប.ស.ស ប័ណ្ណសមធម៌ ការបង់ថ្លៃសេវាផ្ទាល់ នៅតាមមន្ទីរពេទ្យបង្អែកចំនួន ០៥ មណ្ឌលសុខភាពចំនួន ៤៧ ប៉ុស្តិ៍សុខភាពចំនួន ០៣។ ក្រៅពីនេះ ខេត្តបានពង្រឹងការផ្ដល់សេវាសង្គមកិច្ចដោយមានការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ និងចុះឈ្មោះជូនគ្រួសារក្រីក្រ​ និងងាយរង ក្នុងកម្មវិធីជាតិជំនួយសង្គម កញ្ចប់គ្រួសារថ្មី។ ឯកឧត្តមក៏បានលើកឡើងអំពីស្ថានភាពនៃសហគ្រាសធុនតូច​ និងមធ្យមនៅជុំវិញខេត្ត​ និងការខិតខំរបស់ខេត្តនៅក្នុងវិស័យកិច្ចការនារី។ ទោះយ៉ាងណា ខេត្តជួបនឹងបញ្ហាប្រឈមមួយចំនួន រួមមាន កង្វះខាតធនធានមនុស្ស គ្រឿងបរិក្ខារពេទ្យ សហគ្រាស/គ្រឹះស្ថានមិនទាន់យល់​ និងចូលរួមសហការក្នុងការអនុវត្តលក្ខខណ្ឌការងារតាមមាត្រា​ និងបទដ្ឋានគតិយុត្តនានានៃច្បាប់ស្ដីពីការងារជាដើម។

បន្ទាប់ពីបានស្ដាប់របាយការណ៍ខេត្តរួចមក លោកជំទាវប្រធានគណៈប្រតិភូ បានកោតសរសើរដល់អាជ្ញាធរខេត្ត ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងការផ្តល់សេវាសុខាភិបាល គ្របដណ្តប់សុខភាពជាសកល។ លោកជំទាវបានបន្តទៀតថាខេត្តត្រូវតែអភិវឌ្ឍន៍ទីផ្សារការងារឱ្យកាន់តែល្អប្រសើរ លើកកម្ពស់សហគ្រាសធុនតូច​ និងមធ្យម ព្រមទាំងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលើកកម្ពស់សមភាពយេនឌ័រ។ ក្រៅពីនេះ លោកជំទាវ ស្នើសុំឱ្យខេត្តដាក់ប៉ាណូ និងចាក់វីដេអូអប់រំផ្សព្វផ្សាយពីការបង្ការ និងរបបអាហារសម្រាប់ការពារជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋនៅតាមមន្ទីរពេទ្យ ព្រមទាំងស្នើសុំឱ្យមន្ទីរសុខាភិបាល មន្ទីរកិច្ចការនារី និងមន្ទីរការងារ ត្រូវចូលរួមសហការគ្នា ចុះផ្សព្វផ្សាយប្រយុទ្ធប្រឆាំងជំងឺមិនឆ្លងតាមរយៈគណៈទ្រទ្រង់សុខភាពភូមិ និងចុះទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំ ដើម្បីផ្សព្វផ្សាយដល់យុវជនក្រីក្រ ងាយរងហានិភ័យឱ្យមកចូលរៀននៅសាលាបណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្ត ដើម្បីឱ្យក្លាយទៅជាកម្មករជំនាញ និងទទួលបានប្រាក់ខែខ្ពស់។ លោកជំទាវបានទទូចឱ្យ មន្ទីរ ប.ស.ស ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស ដល់បុគ្គលស្វ័យនិយោជន៍ឱ្យបានយល់ច្បាស់ រីឯមន្ទីរសង្គមកិច្ចត្រូវពន្យល់ឱ្យបានច្បាស់ពីបញ្ហាកញ្ចប់ថវិកាគ្រួសារ ដែលត្រូវបានធ្វើសំយោគជូនប្រជាពលរដ្ឋនាពេលថ្មីៗនេះ ព្រមទាំងស្នើសុំឱ្យកាត់បន្ថយឬដកផ្លាក និងប៉ាណូធំៗ ដែលបានផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់នៅជុំវិញខេត្ត​ ៕