ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស.ស្ដីទី ជួបប្រជុំពិភាក្សាជាមួយប្រតិភូគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំយន្ដការ និងចាត់វិធានការចំពោះសហគ្រាសដែលមិនអនុវត្តកាតព្វកិច្ច

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្ដីជំនាញ ប.ស.ស. ជួបប្រជុំពិភាក្សាជាមួយប្រតិភូគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមេធាវីតំណាងឱ្យ ប.ស.ស. ដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រជុំពិភាក្សារៀបចំយន្ដការសម្រាប់ចាត់វិធានការចំពោះសហគ្រាស គ្រឹះស្ថាន ដែលគេចវេសបង់ភាគទានមក ប.ស.ស. ប្រកាសប្រាក់ឈ្នួលកម្មករនិយោជិតមិនត្រឹមត្រូវ និងចាត់វិធានការចំពោះសហគ្រាស គ្រឹះស្ថានដែលមិនអនុវត្តកាតព្វកិច្ច ដូចមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ដែលធ្វើឱ្យបាត់បង់នូវអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។

ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី ក៏បានស្នើដល់មេធាវីដែលជាអ្នកប្រឹក្សាយោបល់ ក៏ដូចជាតំណាងផ្នែកច្បាប់នៅតាមសហគ្រាស គ្រឹះស្ថាន សូមឈ្វេងយល់ឱ្យបានច្បាស់អំពីវិធានច្បាប់ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ជាពិសេសសូមកុំការពារជូនជនខិលខូច ដែលឆ្លៀតឱកាសក្នុងរូបភាពកេងចំណេញណាមួយដែលធ្វើឱ្យបាត់បង់នូវអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។

ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងចំណាត់ការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះការយកចិត្តទុកដាក់ខ្ពស់ក្នុងការ ការពារអត្ថប្រយោជន៍ ក៏ដូចជាការគាំពារសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតដែលបម្រើការងារគ្រប់វិស័យ។

ឯកឧត្តមប្រធានគណៈមេធាវី បានបញ្ជាក់បន្ថែមថា សម្រាប់ការងារនេះ ប្រសិនបើ ប.ស.ស. មានតម្រូវការបន្ថែម ឯកឧត្តម នឹងគាំទ្រក្នុងការផ្ដល់មេធាវីជាជំនួយ នៃការប្រឹក្សាផ្លូវច្បាប់ សម្រាប់ផ្ដល់ជាយោបល់ផងដែរ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃប.ស.ស. ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីជំនាញ ប.ស.ស. និងប្រតិភូគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា សរុបប្រមាណជាង ១០រូប៕