ព័ត៌មានជាតិ

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត និងការងារអន្តរាគមន៍បូមទឹក ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងខេត្តព្រៃវែង

 

(ព្រៃវែង – ស្វាយរៀង)÷នៅថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តមថ្នាក់ដឹកនាំ លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក អនុប្រធាននាយកដ្ឋានវិស្វកម្ម ព្រមទាំងមន្រ្តីបច្ចេកទេសក្រសួង និងមន្ទីរបានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងពិនិត្យប្រព័ន្ធធារាសាស្រ្តក្នុងខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍បូមទឹកនៅចំណុចព្រែកតាតាំ សង្កាត់កំពង់លាវ និងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍ថា កិច្ចអន្តរាគមន៍បូមទឹកនាពេលនេះប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសរុបចំនួន៦គ្រឿង ដើម្បីបញ្ជូនទឹកទៅសង្រ្គោះផ្ទៃដីស្រូវបងប្អូនប្រជាកសិករប្រមាណ ៨០០ហិកតា ដែលស្ថិតនៅចម្ងាយប្រមាណ ៥គីឡូម៉ែត្រ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបញ្ជាក់ថា យ៉ាងយូរក្នុងរយ:ពេលប្រមាណ ២ថ្ងៃ ទឹកនឹងបានទៅដល់ដីស្រែដែលមានតម្រូវការទឹកជាក់ស្តែង។

នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រួមជាមួយលោកអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះពិនិត្យ៖ ទី១)អាងទឹកលិចនុយ និងអូរកំពង់ចក ស្ថិតក្នុងឃុំសង្កែ និងឃុំពងទឹក ស្រុករំដួល និង ទី២)ប្រព័ន្ធធារាសាស្រ្តកីចក ស្ថិតក្នុងឃុំជ្រៃ ស្រុករមាសហែក ខេត្តស្វាយរៀង។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍ឱ្យដឹងថា អាងទឹកលិចនុយបានកសាងឡើងក្នុងសម័យ ប៉ុល ពត ដោយបានកែនប្រជាជនលើកជាទំនប់បង្កើតជាអាងទឹកដើម្បីប្រើប្រាស់។ រហូតមកដល់បច្ចុប្បន្ននេះ អាងទឹកខាងលើមានសភាពគោករាក់ស្ទើរតែរាបស្មើ ខណៈការស្តុកទឹកបានចំនួនតិចតួច។ ចំណែកអូរកំពង់ចកមានការចាំបាច់ត្រូវការស្តារឡើងវិញ និងកំណត់ចំណីអូរ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបញ្ជាក់ថា អូរខាងលើនេះមានសារសំខាន់ខ្លាំងណាស់ក្នុងការនាំទឹកពីព្រែកសំរោងទៅកាន់ទន្លេវ៉ៃគោ ជាពិសេសសម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃ និងការស្រោចស្រពដីស្រែរបស់បងប្អូនប្រជាកសិករជុំវិញតំបន់នោះ។

ដោយឡែកចំពោះប្រព័ន្ធធារាសាស្ត្រកីចក ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា តាមការពិនិត្យស្ថានភាពជាក់ស្តែង ខ្នងនៃប្រព័ន្ធនេះមានសភាពខូចខាតខ្លាំងដែលនាយកដ្ឋានជំនាញចាំបាច់ត្រូវធ្វើការសិក្សាពីសមិទ្ធិលទ្ធភាព ដើម្បីលើកគម្រោងផែនការសម្រាប់ការងារស្តារ ឬការងារថែទាំខួប ឬការងារថែទាំជាប្រចាំទៅតាមជាក់ស្តែង និងស្នើសុំវិភាជន៍ថវិកាជាតិនៅឆ្នាំបន្តបន្ទាប់។

គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តកីចក ស្ថិតក្នុងឃុំជ្រៃ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានសា្តរ និងជួសជុលឡើងវិញ ដោយក្រសួងធនធានទឹក និងឧតុនិយមក្នុងឆ្នាំ២០១០ ដោយប្រើប្រាស់ថវិកាជាតិ។ ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពស្រូវរដូវវស្សាបានប្រមាណ ៣០ ០០០ហិកតា និងស្រូវរដូវប្រាំងប្រមាណ ២០ ០០០ហិកតា។ លើសពីនេះទៅទៀត បានជួយបម្រើដល់ពហុវិស័យ ការប្រើប្រាស់ទឹកប្រចាំថ្ងៃ និងជាផ្លូវគមនាគមន៍ធ្វើដំណើរ និងដឹកកសិផលរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕