ព័ត៌មានជាតិ

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោង ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

 

ខេត្តពោធិ៍សាត់,​ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ​​​មន្ត្រីបច្ចេកទេសក្រសួង​ និង​មន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្ត​ពោធី៍សាត់​ រួមជា​មួយ​អាជ្ញាធរមូលដ្ឋាន​ បានអញ្ជើញ​ចុះពិនិត្យវឌ្ឍនគម្រោងមួយចំនួន​ ​​ដែលអនុវត្តដោយ​នាយកដ្ឋាន​វិស្វកម្ម​នៃក្រសួងធនធានទឹក និង​ឧតុនិយម​ ស្ថិតនៅក្នុងភូមិសាស្រ្ត​ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់​​។

ក្នុងឱកាសនោះ​ ឯកឧត្តម​រដ្ឋលេខាធិការប្រចាំ​ និង​គណៈប្រតិភូ​ បានអញ្ជើញចុះ​ពិនិត្យជាក់ស្តែង​វឌ្ឍនភាព​​​គម្រោង​សាងសង់​សំណង់ស្ទាក់ទឹក​ពោធិ៍អណ្តែត​ ​ស្ថិត​នៅក្នុង​ឃុំ​កញ្ជរ​ និង​​​គម្រោង​ស្តារ​ទ្បើង​វិញប្រទ្បាយ​មេចារឹក​(MC2) ដែលស្ថិត​នៅក្នុង​ឃុំអន្លង់វិល​ និង​ឃុំ​កញ្ជរ​ ស្រុកកណ្តៀង។​

ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​​មានប្រសាសន៍ថា​ គម្រោងសាងសង់​សំណង់ស្ទាក់ទឹកពោធិ៍អណ្តែត​ត្រូវ​​​ប្រើ​រយៈ​ពេល​ ​២ឆ្នាំ​ ដើម្បីសា​ង​សង់ ហើយ​​គិតមកដល់ពេលនេះវឌ្ឍនភាព​ការងារសម្រេចបាន​ប្រមាណ ៣៥%។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបញ្ជាក់ថា​ គម្រោង​នេះ​អាចបង្កើន​សមត្ថភាពស្រោចស្រព​បន្ថែម​​​​ដល់​ផ្ទៃដីបង្កបង្កើនផល​រដូវវស្សាចំនួន​ ១៣៨៥ហិកតា​ និង​រដូវប្រាំងចំនួន​ ៥៩៥ ហិកតា​ ព្រមទាំង​ដំណាំ​រួមផ្សំ​ចំនួន​​ ៩០ហិកតា​ ដោយ​មាន​ប្រជាពលរដ្ឋប្រមាណ​ ២២០៩គ្រួសារ​បានទទួលផលពី​គម្រោង​នេះ។​

ដោយឡែក​ ​ចំពោះ​គម្រោង​ស្តារឡើងវិញ​ប្រឡាយមេចារឹក​​ ឯកឧត្តម​រដ្ឋលេខាធិការបញ្ជាក់ថា​​ គិតមកដល់​ពេលនេះ​ ​វឌ្ឍនភាពការងារ​សម្រេចបាន​ប្រមាណ​ ៤០%​ ក្នុងនោះ​​ការងារ​ស្តារប្រទ្បាយមេចារឹក​ ប្រវែង​ ៥​០០០​ម៉ែត្រ​ សម្រេច​បាន ៧៥% និងការងារជួសជុលសាងសង់សំណង់សិល្បការ​ចំនួន​ ៣កន្លែង​សម្រេច​បាន​ ២៥%។​

សូមបញ្ជាក់​​ថា​ គម្រោងស្តារឡើងវិញ​ប្រឡាយមេចារឹក​ (MC2) មាន​​​ទំហំការងារដែលត្រូវអនុវត្ត​ចំនួន​២​ គឺ​​៖​ ទី១)​ស្តារប្រឡាយមេប្រវែង ៥​ ០០០ម៉ែត្រ និង​ទី២)​សំណង់សិល្បការចំនួន ៣កន្លែង។ ប្រទ្បាយ​មេចារឹក​​​(MC2) មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល​សរុប ២​ ១០០ហិកតា និងដំណាំរួមផ្សំ ចំនួន ២០ហិកតា ព្រមទាំង​មានប្រជាពលរដ្ឋទទួលផល ចំនួន ១​៦១៦គ្រួសារ៕​