ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពាលីបើកការដ្ឋានសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តមណ្ឌលគីរី ដែលមានទីតាំងនៅស្នាក់ការកណ្តាលកែវសីមា ភូមិអូរណា ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី

(មណ្ឌលគីរី)៖នៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពាលីបើកការដ្ឋានសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តមណ្ឌលគីរី ដែលមានទីតាំងនៅស្នាក់ការកណ្តាលកែវសីមា ភូមិអូរណា ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី រួមជាមួយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្ទីរនៃក្រសួងបរិស្ថាន និងលោក ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី ព្រមទាំងមន្រ្តីរាជការរដ្ឋបាលខេត្តមណ្ឌលគីរី។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់អនុសាសន៍ណែនាំបន្ថែមថា នៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នីមួយៗ មិនអនុញ្ញាតឱ្យកាប់ឈើឡើយ បើទោះជាឈើទាំងនោះឋិតក្នុងរងនៃជួរថ្នាលបណ្តុះកូនឈើនៅក្នុងប្លង់ក្តី គឺមិនអនុញ្ញាតជាដាច់ខាត ហើយប្រសិនជាមានប៉ះចាំបាច់ត្រូវបត់បែនប្លង់ទៅតាមស្ថានភាពជាក់ស្តែងនៃឈើទាំងនោះ។

សូមជម្រាបជូនថា នេះជាការដ្ឋានសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ បន្ទាប់ពីថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី១នៅក្នុងខេត្តត្បូងឃ្មុំ ដែលមានសមត្ថភាពផលិតកូនឈើបានច្រើនជាង១លានដើមក្នុង១ឆ្នាំៗ ហើយជាគម្រោងរបស់ក្រសួងបរិស្ថាន និងមានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នេះ នៅតាមខេត្ត ៣បន្ថែមទៀត គឺខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តសៀមរាប៕