ព័ត៌មានជាតិ

លោក អ៊ុច ហ៊ីង​ អញ្ជើញ​ចុះពិនិត្យ​ជាក់ស្តែង​ស្ថានភាពទឹក និង​ការងារ​​អន្តរាគមន៍​បង្ហូរទឹក​សង្គ្រោះ​ស្រូវប្រាំងប្រជាកសិករ​ក្នុងខេត្តបន្ទាយមានជ័យ និង​ ខេត្តបាត់ដំបង

 

(បន្ទាយមានជ័យ_ បាត់ដំបង)៖នៅ​ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក អ៊ុច ហ៊ីង អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក ក្រុមការងារអន្តរាគមន៍នៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម នាយកដ្ឋានវិស្វកម្ម និងមន្ទីរធនធានទឹក និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរដែនដី និងសហគមន៍កសិករប្រើប្រាស់ទឹក ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹក និងការងារអន្តរាគមន៍បង្ហូរទឹកសង្រ្គោះស្រូវប្រាំងជូនប្រជាកសិករនៅស្រុកព្រះនេត្រព្រះ និង​ស្រុកបាណន់​​។

ក្នុងឱកាសនោះ​ លោកអគ្គនាយករង​ និង​ក្រុមការងារ​បាន​អញ្ជើញ​ចុះពិនិត្យ​ការងារអន្តរាគមន៍​​ នៅសហគមន៍​ត្រពាំងថ្ម​ ស្ថិត​នៅឃុំរហាល ស្រុកព្រះនេត្រព្រះ នៅភាគខាងចុងប្រឡាយមេលេខ១ ដែលត្រូវនាំទឹកពីអាងត្រពាំង​ថ្ម​ក្នុងចំងាយប្រមាណ ៣២គីឡូម៉ែត្រ​ ដើម្បី​យកមកស្រោចស្រពលើផ្ទៃដីស្រូវប្រាំងប្រមាណ ៣៥០០ ហិកតា ដែល​គ្រោងនឹងប្រមូលផលនៅ​ពាក់កណ្តាលខែមីនា ខាងមុខ។

ជាមួយគ្នានេះដែរ​ លោក​អគ្គនាយករង​ និង​ក្រុម​ការងារ​ក៏បានអញ្ជើញចុះពិនិត្យ​ការងារ​អន្តរាគមន៍​​នៅសហគមន៍កង្ហតឈើទាល ស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ដែល​មានការខ្វះខាតទឹកចំនួន ៣៩២​ហិកតា ហើយគិតមកដល់ពេលនេះ​ ការងារជួយសង្គ្រោះសម្រេចបាន ៣៧០ហិកតា។

ឆ្លៀត​ក្នុងឱកាសនោះ លោកអគ្គនាយករង បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តយកចិត្តទុកដាក់លើការងារអន្តរាគមន៍សង្រ្គោះស្រូវរដូវប្រាំងជូនប្រជាកសិករឱ្យបានទាន់ពេលវេលា ព្រមទាំងផ្តល់ការណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមលើការងារថែទាំ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត ដើម្បីឱ្យមាននិរន្តរភាពបានយូរអង្វែង ព្រមទាំងការប្រើប្រាស់ទឹកឱ្យ​មានលក្ខណៈសន្សំសំចៃខ្ពស់៕​