(ភ្នំពេញ)៖នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ជីវ ស៊ុនហេង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងអបអរសាទខួប ១០ឆ្នាំនៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនបក្សថ្នាក់កណ្តាល។
សូមជម្រាបថា ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសត្រូវបានបង្កើតឡើងដោយរៀបចំចាប់ពីត្រឹមមនុស្ស ១០នាក់ ចេញធ្វើសកម្មភាពកសាងសមាជិកបក្សពីចំនួនជាង ៥ពាន់នាក់ ដែលមានត្រឹមតែ ៦ប្រទេស ពេលនេះ បានកើនដល់ជាង ១៦ម៉ឺននាក់ លើប្រទេសចំនួន ២០។ គោលដៅចម្បងរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស គឺឈរលើឆន្ទៈ និងមនសិការក្នុងការចេញទៅផ្សព្វផ្សាយការពិត និងសមិទ្ធផលរបស់កម្ពុជាជូនដល់បងប្អូនខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ហើយចាត់ទុកក្រុមការងារ និងសមាជិកទាំងអស់ជាក្រុមគ្រួសារតែមួយ ដោយជួយគ្នាក្នុងគ្រាលំបាក និងមានតម្រូវការផ្សេងៗ៕