ព័ត៌មានជាតិ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ភារធារីស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា

 

(ភ្នំពេញ)÷ទីស្តីការក្រសួង៖ នារសៀលថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក David Verbiwski ភារធារី ស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

នៅក្នុងជំនួបនេះ បានពិភាក្សាផ្លាស់ប្តូរយោបល់អំពី ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពធន់ ការវិនិយោគក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋនិងឯកជន (Public Private Partnership – PPP) ការអភិវឌ្ឍលើការប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ការអភិវឌ្ឍប្រព័ន្ធផ្លូវដែក និងការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស ដើម្បីបម្រើការក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបអំពីគោលនយោបាយជាអាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ។ ជាមួយគ្នានេះ លោកភារធារី បានបង្ហាញសុឆន្ទៈក្នុងការសហការជាមួយក្រសួង ក្នុងការណែនាំដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ និងបច្ចេកទេស ពីប្រទេសកាណាដា ដើម្បីជាការរួមចំណែកលើកកម្ពស់ ដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែរឹងមាំ ៕