ព័ត៌មានជាតិ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា

 

(ភ្នំពេញ)÷ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបអំពីគោលនយោបាយជាអាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នៅក្នុងជំនួបនេះ​ ក៏បានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ អំពីការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុង ហេីយកម្ពុជារំពឹងថាទទួលបានកិច្ចសហប្រតិបត្តិការជាជំនួយបច្ចេកទេស​ និងជំនួយអភិវឌ្ឍន៍​ ពីសាធារណរដ្ឋឆែកផងដែរ។