(កំពង់ធំ)៖នៅរសៀលថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំក្រុមការងារគណបក្សចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែលគិតមកដល់ពេលនេះសម្រេចបានប្រមាណ៩៥%។
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា លោក ផាង វី បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការចុះជួយនៅមូលដ្ឋានឃុំទ្រា និងបានលើកទឹកចិត្តដល់មន្ត្រីបក្សទាំងអស់ឱ្យបន្តរួបរួមសហការគ្នាថែរក្សាសន្តិភាព និងសាមគ្គីភាពគ្នា ជួយដោះស្រាយទុក្ខលំបាកជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
លោក ផាង វី បានបញ្ជាក់ឱ្យដឹងថា ការកសាងអគារស្នាក់ការគណបក្សឃុំនេះគឺសម្រាប់បម្រើជាប្រយោជន៍ដ៏សំខាន់ដល់កិច្ចការទូទៅរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ដើម្បីរៀបចំកិច្ចប្រជុំ និងការជួបជុំនានា ព្រមទាំងជាផ្នែកមួយជួយជំរុញទឹកចិត្តដល់មន្ត្រីបក្សឱ្យខិតខំបំពេញការងារថែមទៀត ស្របតាមអាទិភាពការងារដែលបានដាក់ចេញរបស់ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង។
ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា ក៏បានជំរុញដល់ក្រុមការងារសាងសង់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាឱ្យសំណង់អគារមានសោភ័ណភាព និងគុណភាពភាពរឹងមាំប្រើប្រាស់បានយូរអង្វែង៕