(ព្រះសីហនុ)៖នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» អញ្ជើញផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងដែនដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្រសួងមហាផ្ទៃ (ឆ្នាំ២០២៤-២០២៨) ជាផែនទីបង្ហាញផ្លូវសម្រាប់តាមដានត្រួតពិនិត្យ វាយតម្លៃ និងផ្តល់ការគាំទ្រដល់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធនានា ដើម្បីធានាការចាត់តាំងអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាពនៅលើទឹកដីតំបន់ឆ្នេរ ត្រូវបានប្រសិទ្ធនាមថា ជា «តារារៈនាទិសនិរតី» និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកអនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៥ និងរដ្ឋបាលឃុំ សង្កាត់ទាំង២៩ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយលេខទូរស័ព្ទ Hotline ឱ្យបានទូលំទូលាយដោយបិទផ្សាយតាមទីសាធារណៈ និងក្នុងវេទិការសាធារណៈ ត្រូវធ្វើការឆ្លើយតបសំណើ សំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធនានារបស់ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត ចុះប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) ចំនួន ៧លើក បង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ និងបទល្មើសឆបោកតាមអនឡាញចំនួន ៩ទីតាំង រកឃើញជនបរទេសចំនួន ១.៨៩១នាក់ មាន ១៤សញ្ជាតិ ប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្តនីតិវិធីបណ្ដេញចេញ។
ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការកោតសរសើរគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានបំពេញតួនាទី ភារកិច្ចសម្រេចបានសមិទ្ធផលផ្លែផ្កា ស្របតាមកម្មវិធីគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបាលនីតិកាលទី៧ ផ្តោតបញ្ហាអាទិភាព ក្នុងការកសាងផែនការសកម្មភាព ថវិកា ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ជាចក្ខុវិស័យ និងសួចនាករបង្កើនការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ក្នុងនាមយើងជាអ្នកប្រតិបត្តិករ ត្រូវរួមគ្នាត្រួតពិនិត្យឡើងវិញ ព្រោះយើងមានលេខាធិការដ្ឋានសម្របសម្រួលក្នុងការពង្រឹងតួនាទី ភារកិច្ច និងសកម្មភាពឱ្យបានល្អប្រសើរ ការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅមិនទាន់បានល្អប្រសើរនៅឡើយ ទាមទារឱ្យមានការចូលរួមកាន់តែស៊ីជម្រៅបន្ថែមទៀត ដូចជាការពង្រឹងតួនាទីឱ្យមានប្រសិទ្ធិភាព ពិសេសការធ្វើវេទិការសាធារណៈ ដើម្បីស្វែងយល់បញ្ហាប្រឈម កង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាដោះស្រាយបានទាន់ពេលវេលា ហើយកង្វល់របស់ប្រជាពលរដ្ឋ គឺជាកង្វល់ចាំបាច់ដែលមេឃុំ ចៅសង្កាត់ជាអ្នកប្រតិបត្តករអនុវត្តនៅក្នុងមូលដ្ឋានផងដែរ ពិសេសត្រូវធ្វើវេទិការសាធារណៈឱ្យបានញឹកញាប់ ដឹកនាំដោយមេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍រដ្ឋបាលនីមួយៗ ព្រោះបទល្មើសកើតចេញពីមនុស្ស វាមានការខុសប្លែកពីគ្នា ដោយសារមូលដ្ឋានខ្លះមានការលួច ឆក់ គ្រឿងញៀន ក្មេងទំនើង ម្យ៉ាងទៀតមន្ត្រីនគរបាលប៉ុស្តិ៍ត្រូវស្វែងយល់ពីកង្វល់របស់ប្រជាពលរដ្ឋ ដោយប្រមូលពត៌មានដែលកើតមាននៅក្នុងមូលដ្ឋាន។
ទន្ទឹមនោះត្រូវរៀបចំចលនាប្រឡងប្រណាំង ពង្រឹងសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវារដ្ឋបាលនៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល ជម្រុញការបណ្តុះបណ្តាលដល់ប្រជាការពារ ស្តីពីសីលធម៌ និងវិជ្ជាជីវៈក្នុងការបំរើសេវាប្រកបដោយប្រសិទ្ធិភាព តម្លាភាព ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ទី១.កែសម្រួលពង្រឹងរចនាសម្ព័ន្ធក្រុមលេខាធិការដ្ឋានសម្របសម្រួលការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ២.កសាងផែនការសកម្ម ភាពចាត់តាំងអនុវត្ត ៣.ការធ្វើវេទិការសាធារណៈ ៤.ការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពជាសាធារណៈនៅតាមភូមិ ឃុំ សង្កាត់ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ៕