ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្តេចធិបតី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី

 

(ភ្នំពេញ)៖នៅល្ងាចថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្តេចធិបតី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅដើម្បីលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ” ហើយក៏ជាកាលានុវត្តភាពដ៏សំខាន់ក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍយុទ្ធគុនចម្រុះខ្មែរបុរាណឱ្យមានការរីកចម្រើន ស្របតាមស្តង់ដាកីឡាអន្តរជាតិ និងគោលការណ៍ចលនាអូឡាំពិកឈានឆ្ពោះទៅទទួលស្គាល់ជាអន្តរជាតិ និងអាចបញ្ចូលទៅក្នុងការប្រកួតកីឡាកម្រិតតំបន់ និងកម្រិតអន្តរជាតិ នាពេលអនាគត។

សូមបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្តេចធិបតី លើកទី១ ឆ្នាំ២០២៤ ដែលមានកីឡាករ-កីឡាការិនីចូលរួមសរុបជិត ៥០០នាក់ បានប្រព្រឹត្តទៅអស់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមប្រកួតពីកីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ដូចជា ប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ស្រង៉ែពែន និងក្រុមយុទ្ធគុនកងយោធពលខេមរភូមិន្ទជាដើម៕