ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែតុលា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត

 

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខថ្នាក់ដឹកនាំ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌដែលបានកន្លងហួសថ្មីៗនេះ។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីរបាយការណ៍នៃអ្នកគ្រោះថ្នាក់ចរាចរណ៍ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យទូទាំងរាជធានី ខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ត្រូវពង្រឹងសមត្ថភាពដល់មន្រ្តី និងបុគ្គលិកសុខាភិបាលរបស់ខ្លួន ដោយត្រូវធ្វើនវានុវត្តន៍តាមរយៈការបណ្តុះបណ្តាលសមត្ថភាពឱ្យបានជាប់ជាប្រចាំនូវផ្នែកសំខាន់ៗ និងចំពោះមុខ ជាពិសេសផ្នែកបច្ចេកទេស និងសង្រ្គោះបន្ទាន់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ស្របតាមវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពនៅតាមមូលដ្ឋាន។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យប្រធានអង្គភាពទាំងអស់ ធ្វើការស្វែងយល់ពីគ្នាទៅវិញទៅមក លើការងារបច្ចេកទេសព្យាបាល និងការប្រើប្រាស់រថយន្តគិលានុសង្រ្គោះ ដោយក្នុងនោះត្រូវចាត់បញ្ជូនអ្នកបច្ចេកទេសតាមផ្នែកនីមួយៗ ទៅទស្សនកិច្ចសិក្សានៅតាមមូលដ្ឋានសុខាភិបាល ដែលអនុវត្តបានល្អ ដើម្បីយកគន្លឹះទាំងនោះទៅបំពេញបន្ថែម និងអភិវឌ្ឍន៍កន្លែងរបស់ខ្លួន។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានឱ្យថ្នាក់ដឹកនាំទទួលបន្ទុក និងអ្នកជំនាញ ពិនិត្យ និងចងក្រងជាស្តង់ដានៃរបបអាហារ ក៏ដូចទម្លាប់នៃការរស់នៅប្រកបដោយសុខភាព ដោយត្រូវបង្កើតជាសារអប់រំសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែយល់ដឹងបន្ថែមទៀត ក្នុងការថែរក្សាសុខភាព។