ព័ត៌មានជាតិ

ឯកឧត្តម សុត រស្មី ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកបម្រើដល់ការងារស្រោចស្រពស្រូវរដូវប្រាំង ក្នុងខេត្តក្រចេះ

 

(ក្រចេះ)÷ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារធនធានទឹកខេត្តក្រចេះ និងខេត្តស្ទឹងត្រែង រួមដំណើដោយឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ នៅថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ការងារបង្កបង្កើនផល និងសកម្មភាពអន្តរាគមន៍បូបទឹកសង្រ្គោះស្រូវប្រាំងជូនដល់បងប្អូនប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តក្រចេះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋលេខាធិការរួមជាមួយអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ និងសហការីបានអញ្ជើញចុះពិនិត្យស្ថានភាពទឹក ការងារបង្កបង្កើនផលស្រូវ និងអន្តរាគមន៍សង្រ្គោះស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករក្នុងភូមិសាស្ត្រឃុំឆ្លូង ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ការអនុវត្តការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រទូទាំងខេត្តក្រចេះសម្រេចបានចំនួនប្រមាណ ១៤ ១៣២ហិកតា លើផែនការគ្រោងទុកចំនួន ១៤ ០០០ហិកតា ដែលស្មើនឹង ១០០,៩៤%។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់ក្រុមការងារមន្ទីរធនធានទឺក និងឧតុនិយមខេត្តក្រចេះឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសង្រ្គោះស្រូវរដូវប្រាំងរបស់ប្រជាកសិករ ដែលប្រឈមនឹងបញ្ហាខ្វះទឹក៕