ព័ត៌មានជាតិ

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញជាអធិបតីបេីកវគ្គបណ្តុះបណ្តាលស្តីពី​ ការប្រេីប្រាស់ដ្រូន​ Magic 3E ដល់មន្ត្រីបច្ចេកទេសមកពីបណ្តាមន្ទីររាជធានី-ខេត្ត

 

(ភ្នំពេញ)÷នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជេីញជាអធិបតីភាពក្នុងការបេីកវគ្គបណ្តុះបណ្តាលស្តីពី​ ការប្រេីប្រាស់ដ្រូន​ Magic 3E ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយកកិច្ចការរដ្ឋបាល​ ឯកឧត្តមអគ្គនាយកកិច្ចការបច្ចេកទេស​ លោកប្រធានមន្ទីរទាំង២៥រាជធានី-ខេត្ត​ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍ឱ្យដឹងថា គោលបំណងវគ្គបណ្តុះបណ្តាលនេះគឺ​ ដើម្បីបង្កើនចំណេះដឹងជំនាញបន្ថែមទៀតដល់មន្ត្រីមន្ទីរពាក់ព័ន្ធទាំងអស់​ ជាមួយនឹងការប្រើប្រាស់ដ្រូន សម្រាប់ហោះផ្តិតយករូបភាពបច្ចុប្បន្នភាពពីលើអាកាសដែលមានកម្រិតភាពច្បាស់ខ្ពស់​ និងកម្រិតលម្អៀងតិចបំផុត ងាយស្រួលក្នុងការវាស់វែង និងកំណត់ព្រំអាងទឹក ហេដ្ឋារចនាសម្ព័ន្ធសំណង់ការងារទឹក បង្កើតបានជាផែនទីដែលមានរូបភាពបច្ចុប្បន្នភាពច្បាស់ ជាមួយនឹងខ្សែកម្រិតកម្ពស់ដី​ ដែលមានលក្ខណៈលម្អិតច្បាស់ និងគ្រប់ជ្រុងជ្រោយ​ ជាពិសេសចំណេញពេលវេលាច្រេីនជាងមុន​ និងមិនចាំបាច់ពិបាកចុះវាស់វែងដោយផ្ទាល់ដល់ទីតាំងជាក់ស្តែង​ និងទីតាំងមួយចំនួនដែលយើងពិបាកក្នុងការធ្វើដំណើរទៅដល់​។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ ក៏បានផ្តាំផ្ញេីដល់មន្ត្រីសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ចំណាំ ដើម្បីជាប្រយោជន៍សម្រាប់ចំណេះដឹង ការប្រើប្រាស់ និងការអនុវត្តជាក់ស្តែងក្នុងការហោះថតផ្តិតយករូបភាពអាងស្តុកទឹក ស្ទឹង និងទន្លេ ក៏ដូចហេដ្ឋារចនាសម្ព័ន្ធសំណង់ការងារទឹកនានា​ ដែលជាមូលដ្ឋាន និងទឡ្ហីករណ៍ត្រឹមត្រូវ ក្នុងការគ្រប់គ្រង និងអភិរក្សនូវរាល់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត​ និងការងារទឹកទាំងអស់ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ​ មានរយ:ពេលមួយថ្ងៃពេញ​ គឺពេលព្រឹកមានជាបទបង្ហាញ​ និងពេលរសៀលជាការចុះអនុវត្តជាក់ស្តែង នៅទីវាលជម្រកគ្រឿងចក្រ​ក្រសួងធនធានទឹក​ និងឧតុនិយម ស្ថិតក្នុងភូមិគោករមៀត ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕