ព័ត៌មានជាតិ

ឯកឧត្តម តន់ វ៉ាន់ថារ៉ា ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកបម្រើដល់ការងារស្រោចស្រពស្រូវរដូវប្រាំង ក្នុងខេត្តព្រៃវែង

 

(ព្រៃវែង)÷នៅថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារធនធានទឹកខេត្តព្រៃវែងនិងខេត្តស្វាយរៀង បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួងចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ដែលបម្រើដល់ការងារស្រោចស្រពស្រូវរដូវប្រាំងជូនដល់បងប្អូនប្រជាកសិករ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសក្រសួង រួមជាមួយលោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករក្នុងភូមិសាស្ត្រឃុំរំចេក ស្រុកព្រះស្តេច ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ការអនុវត្តការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រទូទាំងខេត្តព្រៃវែងសម្រេចបានចំនួនប្រមាណ ១០១ ៥៦៦ហិកតា លើផែនការគ្រោងទុកចំនួន ៧៥ ០០០ហិកតា ដែលស្មើនឹង ១៣៥,៤២%៕