(កំពង់ស្ពឺ)÷នៅថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងដែលទទួលហិរញ្ញប្បទានពីសាធារណរដ្ឋឥណ្ឌា អមដំណើរដោយមន្រ្តីបច្ចេកទេសគម្រោងបានចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ស្ថិតក្នុងភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា ការចុះពិនិត្យទីតាំងគម្រោងក៏មានការចូលរួមពីមន្រ្តីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងតំណាងក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស WAPCOS ដែលជាអ្នកសិក្សាចងក្រងឯកសារគម្រោងនេះផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា គោលបំណងនៃការចុះពិនិត្យ គឺដើម្បីស្វែងយល់អំពីទិន្នន័យភូគសាស្រ្តនៃអ័ក្សទំនប់ ទិន្នន័យឋានលេខា ទិន្នន័យជលសាស្រ្ត ដើម្បីជាមូលដ្ឋានធ្វើការពិភាក្សាបញ្ចប់របាយការណ៍លម្អិតរបស់គម្រោង (Detailed Project Report) នៅពេលខាងមុខ។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា តាមការគ្រោងទុក គម្រោងនេះអាចចាប់ផ្តើមអនុវត្តការងារសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខនេះ៕