ព័ត៌មានជាតិ

ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម​ដឹកនាំ​មន្ត្រីជំនាញចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ក្នុងខេត្តកំពង់ឆ្នាំង

 

(កំពង់ឆ្នាំង)÷នៅរសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤​ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ប្រធានក្រុ​ម​ការ​ងារ​​សម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្ត​កំពង់ឆ្នាំង ខេត្តកំពង់ចាម និង​​ខេត្តត្បូងឃ្មុំ រួមដំណើរដោយឯកឧត្តម​ថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង​​ និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តកំពង់ឆ្នាំង​​ បានអញ្ជើញ​ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងនៅក្នុង​​ភូមិសាស្ត្រ​ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ​ និងក្រុមការងារបានជួប​ជា​មួយលោកមេឃុំ​គោកបន្ទាយនិង​ប្រធាន​សហគមន៍ត្រពាំងត្របែក​​​ពិភាក្សាលើការងារអន្តរាគមន៍សង្គ្រោះស្រូវរដូវប្រាំង​​ជាបន្ទាន់ចំនួន ៥៥០ហិកតា និងលើកផែនការសម្រាប់អនាគត។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​មន្ទីរធនធាន និងឧតុនិយមខេត្តកំពង់ឆ្នាំង​ ​បាន​និងកំពុង​អន្តរាគមន៍​សង្គ្រោះ​​​បន្ទាន់ជួយដល់ប្រជាកសិករ​​ តាមរយៈការស្តារប្រឡាយ​ ដើម្បីបូមទឹកពីបឹងធំទៅដីស្រែប្រាំង៕