ព័ត៌មានជាតិ

ឯកឧត្តម ប៊ុន ហ៊ាន ​ដឹកនាំកិច្ចប្រជុំ​អនុគណៈកម្មការ​ធ្វើបច្ចុប្បន្នកម្មផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម

 

(ភ្នំពេញ)÷នៅ​ព្រឹក​ថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី​១៥ ខែមករា​ ឆ្នាំ២០២៤ នាសាលប្រជុំ​នៃ​ទីស្តីការក្រសួង​ ឯកឧត្តម ប៊ុន ហ៊ាន​ រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ​​បាន​អញ្ជើញ​​ជា​​អធិបតីដឹកនាំកិច្ចប្រជុំរបស់អនុគណៈកម្មការរៀបចំតាក់តែង​ និងធ្វើ​បច្ចុប្បន្ន​កម្ម​​​គោល​​នយោបាយ ផែនការ​យុទ្ធសាស្ត្រ ផែនការសកម្មភាពពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម។

សូមជម្រាបថា នេះជាកិច្ចប្រជុំលើកទី៦​​របស់អនុគណៈកម្មការ​​ដែល​មានការចូលរួមពី​ឯកឧត្តម​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ ទីប្រឹក្សាក្រសួង​ និង​​ប្រធាននាយកដ្ឋាន​ ដែលជាសមាជិក​អនុ​គណៈកម្មការ។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា កិច្ចប្រជុំបានបន្ត​ពិភាក្សាលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យ​ធនធានទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ ២០២៤-២០២៨ ដែលបានបែងចែកជា ៤ជំពូក​ ដោយបាន​ពិភាក្សា​គ្នាយ៉ាងលម្អិតអំពីមាតិកា អត្ថន័យ អក្ខរាវិរុទ្ធ ការប្រើប្រាស់ពាក្យ​ និងមានការកែ​តម្រូវទៅ​លើ​ខ្លឹមសារ​ ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងស្របតាម​យុទ្ធសាស្ត្របញ្ចកោណ​ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

គួរបញ្ជាក់ថា​ ក្នុងគោលបំណង​ពង្រឹងប្រសិទ្ធភាពការងារគតិយុត្តរបស់ក្រសួង​ឱ្យស្របទៅនឹង​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាល​ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០​២៣​ ក្រសួងធនធានទឹក និងឧតុនិយម​ បានសម្រេច​បង្កើត​គណៈកម្មការ និង​អនុគណៈកម្មការចំនួន៥ ដើម្បី​រៀប​ចំ​តាក់​តែង​ ​និងធ្វើ​បច្ចុប្បន្នកម្ម​ច្បាប់ គោល​នយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្ត​របស់​​​​ក្រសួង៕