ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសពិធីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត

 

(ភ្នំពេញ)៖នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសពិធីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា អគារថ្មីនេះនឹងត្រូវបំពាក់ដោយសម្ភារៈ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប និងមានហេដ្ឋារចនាសម្ព័ន្ធសំណង់ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ហើយគ្រោងដាក់ឱ្យប្រើប្រាស់ជាអគារ ពហុមុខងារ ពិសេសមុខងារមានឯកទេសខ្ពស់ ដូចជា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីក និង ជំងឺមិនឆ្លងរ៉ាំរ៉ៃដទៃទៀត សំដៅឆ្លើយតបនឹងការវិវត្តនៃតម្រូវការថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ដែលទាមទារនូវសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់។ ជាមួយគ្នានេះដែរ សមិទ្ធផលជាតិថ្មីដ៏ទំនើបឈានមុខនេះ នឹងជួយជំរុញឱ្យកម្ពុជាអភិវឌ្ឍវិស័យសុខាភិបាលដល់កម្រិតស្តង់ដាតំបន់ និងអន្តរជាតិ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះចំនួនបីក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពនៃការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន គឺ៖ ទី១)ពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ទី២)អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្សនិងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ការឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈនិងគ្រោះអាសន្នសុខភាព ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារសា្ថប័ន និង ទី៣)កសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាថា ប្រជាជនគ្រប់រូបទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់៕