ព័ត៌មានជាតិ

ឯកឧត្តម ប៉ុញ សច្ចៈ ដឹកនាំកិច្ចប្រជុំជាមួយលោកស្រីនាយិកា Choi Jiyoung ដើម្បីពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ

 

(ភ្នំពេញ)៖នៅសាលប្រជុំនៃទីស្ដីការក្រសួង នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំកិច្ចប្រជុំជាមួយលោកស្រីនាយិកា Choi Jiyoung ដើម្បីពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីនាយិកា Kim Yunhee និងសហការីមកពីធនាគារ K-Eximbank កណ្ដាលនៃសាធារណរដ្ឋកូរ៉េ លោកស្រីនាយិកា Minnie Chey K-Exambank (DECF) និងសហការី ប្រចាំប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើដំណើរការពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអភិវឌ្ឍន៍គម្រោងវិស័យធនធានទឹក ទាំងបច្ចុប្បន្ន និងនាពេលអនាគតដើម្បីឆ្លើយតបទៅនឹងកិច្ចប្រជុំកំពូលរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃ២០ ខែឧសភា ឆ្នាំ២០២៤ ដោយបានបង្កើនទំហំហិរញ្ញប្បទានរហូតដល់៣ពាន់លានដុល្លារអាមេរិក។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនដល់គណៈប្រតិភូផងដែរអំពីស្ថានភាពវិស័យធនធានទឹក និងឧតុនិយម នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាណតិ្ដទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យនេះជាវិស័យអាទិភាពខ្ពស់នៅក្នុងផែនការយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ លើការដោះស្រាយ និងកាត់បន្ថយបញ្ហាប្រឈមទៅនឹងគ្រោះរាំងស្ងួត និងទឹកជំនន់ ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលអាកាសធាតុ៕