ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់តារាសម្តែងនាយឆាង និងម្តាយជាស្រ្តីមេម៉ាយ ដែលកំពុងជួបនឹងការខ្វះខាត

តារាសម្តែង ជុន ឆាង (ហៅនាយឆាង) ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ១០លានរៀល ជួយសម្រាលការលំបាកក្នុងពេលកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងសហគមន៍អណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ …!!

ដោយក្តីអាណិតអាសូរ និងមើលឃើញពីការលំបាក នៅថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនតារាសម្តែង ជុន ឆាង (ហៅនាយឆាង) អាយុ ២៤ឆ្នាំ មានទម្ងន់ ២១០គីឡូក្រាម ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន ជាមួយម្តាយឈ្មោះ ជុន ញ៉ាញ់ អាយុ ៦៣ឆ្នាំ ស្ថិតក្នុងសហគមន៍អណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះនាយឆាង និងបានមានប្រសាសន៍ថា «មនុស្សយើងម្នាក់ៗដែលកើតមកហើយតែងតែមិនចង់ជួបនូវបញ្ហាសុខភាពធាត់លើសទម្ងន់ខ្លាំងពេកដូចជានាយឆាងបែបនេះដែរ ខណៈដែលបងៗរបស់គាត់ទាំង៥នាក់ផ្សេងទៀត សុទ្ធតែមានសុខភាពល្អ។ ហេតុដូចនេះ សូមបន្តថែសុខភាព អនុវត្តនូវវេជ្ជបញ្ជាគ្រូពេទ្យ រួមជាមួយការលើកកម្ពស់សុខភាពផ្លូវចិត្ត តាមបែបព្រះពុទ្ធសាសនា ដូចជាការរៀនធ្វើសមាធិជាដើម។»

ជាកិច្ចឆ្លើយតប នាយឆាង និងម្តាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមបួងសួងសុំឱ្យ អ្នកម្តាយមនុស្សធម៌ និងថ្នាក់ដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជាយើង មានសេចក្តីសុខ មានសុខភាពល្អ កម្លាំងមាំមួន នៅបន្តជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនទូទាំងប្រទេស។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនាយឆាង រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ១០លានរៀល៕