ព័ត៌មានជាតិ

ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអញ្ជើញចូលរួមក្នុងមីទ្ទីងអបអរសាទរខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា

 

(ភ្នំពេញ)៖នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោងបានអញ្ជើញចូលរួមក្នុងមីទ្ទីងអបអរសាទរខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា រាជធានីភ្នំពេញ។

អង្គមីទ្ទីងបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចអនុប្រធានគណបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណបក្ស ជាច្រើនរូបទៀត។

សូមជម្រាបថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាខួបទី៧៣ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។ ជារៀងរហូតមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជា ជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត ដោយបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជា និងជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូ ហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕