ព័ត៌មានជាតិ

លោក ផាង វី ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការស.ក.ប.ទ.

 

(ភ្នំពេញ)÷នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោកអនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីសេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ) ការចុះបញ្ជី និងការគ្រប់គ្រង ស.ក.ប.ទ សេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីការផ្ទេរការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីកិច្ចដំណើរការ និងការថែទាំប្រព័ន្ធធារាសាស្ត្រ។

បើតាមលោក ផាង វី បានឱ្យដឹងថា សិក្ខាសាលារយៈពេល២ថ្ងៃនេះមានការចូលរួមពីតំណាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ បណ្តាញកសិករនិងទឹក សហគមន៍កសិករប្រើប្រាស់ទឹក មជ្ឈមណ្ឌលសេវាកម្មធារាសាស្រ្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត AFD, IFAD, Korea Eximbank, JICA, FAO, EDCF, TA-AGRI និង TA-ISWM សរុបប្រមាណ ១៦៣នាក់ ព្រមទាំងមានការបែងចែកកិច្ចពិភាក្សាជាច្រើនក្រុមផងដែរ។

ក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មបានចូលរួមផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍ បញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយជាក់ស្តែងពាក់ព័ន្ធលើកិច្ចដំណើរការ ការថែទាំនិងការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រឱ្យមាននិរន្តរភាព ការគណនាទំហំការងារ និងការរៀបចំប៉ាន់ប្រមាណតម្លៃស្ដង់ដារ ដើម្បីជាធាតុចូលប្រកបដោយអត្ថន័យ ក្នុងសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីកិច្ចដំណើរការនិងការថែទាំប្រព័ន្ធធារាសាស្ត្រ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹកនៅកម្ពុជា ក៏ដូចជាកិច្ចដំណើរការ និងការថែទាំប្រព័ន្ធធារាសាស្ត្រប្រកបដោយនិរន្តរភាព៕