ខេត្តព្រះវិហារ, ថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ អង្គភាពវរៈសេនាតូចការពារព្រំដែនលេខ៤០៥ (ហៅតំបន់ថ្មធំ និងអានសេះ) ដែលកំពុងឈរជើងការពារព្រំដែនប្រាសាទក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សូមជម្រាបថា អំណោយទាំងនោះមានដូចជា អង្គរ២តោន ត្រីខ៥០យួរ ទឹកត្រីនិងទឹកស៊ីអ៊ីវ២៤យួរ មី៥០កេស អំបិល ៥០គីឡូក្រាម និងទឹកបរិសុទ្ធ ៥០កេស។
ក្នុងឱកាសនេះ ឯកឧត្តម ចាន់ យុត្ថា បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ស្មោះអស់ពីចិត្តពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវជូនចំពោះ ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរងពលទាហាន ពលទាហានរងទាំងអស់ ដែលកំពុងឈរជើងការពារតាមព្រំដែនកម្ពុជា ថៃក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលជំហរការពារទឹកដី មាតុភូមិ ឱ្យបានគង់វង្ស។
ជាមួយគ្នានេះដែរ ឯកឧត្តម ថោ ជេដ្ឋា ក៏បានឧបត្ថម្ភថវិកាជូនកងកម្លាំងចំនួន ៣៤៣ នាក់ ដែលក្នុងម្នាក់ៗ ទទួលបានចំនួន ១០ម៉ឺនរៀល ។
ឯកឧត្តមមេបញ្ជាការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ អង្គភាពវរៈសេនាតូចការពារព្រំដែនលេខ៤០៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចាត់គណៈប្រតិភូ អញ្ជើញមកជួបសំណេះសំណាល និងនាំយកថវិកាមកឧបត្ថម្ភដល់ទីបញ្ជាការផ្ទាល់ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខនិងការរស់នៅប្រចាំថ្ងៃរបស់កងទ័ព៕