ព័ត៌មានជាតិ

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកអាងត្រពាំងថ្ម ក្នុងភូមិសាស្រ្ត ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

(បន្ទាយមានជ័យ)÷នៅថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយម និងសហគមន៍កសិករប្រើប្រាស់ទឹក អាងទឹកត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យពីស្ថានភាពទឹកក្នុងអាងត្រពាំងថ្ម។
អាងទឹកត្រពាំងថ្ម គឺជាអាងប្រវត្តិសាស្រ្តមួយ និងមានលទ្ធភាពតម្កល់ទឹកបានក្នុងកម្រិតអតិបរមា ១៨០លានម៉ែត្រគីប សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្រពដំណាំស្រូវចុងរដូវវស្សា និងដើមរដូវប្រាំង ចំនួន ១២០០០ហិកតា និងសម្រាប់រក្សាទុកក្នុងបរិមាណ ៤០លានម៉ែត្រគីប នៅរដូវប្រាំង ដើម្បីឱ្យប្រើប្រាស់ប្រចាំថ្ងៃលើមនុស្ស សត្វពាហនៈ និងរក្សានូវជីវចម្រុះផ្សេងៗក្នុងផ្ទៃអាងទាំងមូល។

បច្ចុប្បន្ននេះអាងទឹកត្រពាំងថ្មមានទឹកតម្កល់ក្នុងអាងក្នុងបរិមាណ ២០លានម៉ែត្រគីបប៉ុណ្ណោះ ដែលជាហេតុនាំឱ្យមានការព្រួយបារម្ភជាខ្លាំង ដូច្នេះមន្ទីរធនធានទឹក និងឧតុនិយម សូមធ្វើការសំណូមពរ÷
១.សូមអាជ្ញាធរ និងប្រជាពលរដ្ឋសហការគ្នាដើម្បីរក្សាទឹកដែលមាននៅក្នុងអាងបច្ចុប្បន្ន ទុកសម្រាប់ប្រើប្រាស់។

២.សូមអាជ្ញាធរ ជួយផ្សព្វផ្សាយនិងណែនាំដល់ប្រជាពលរដ្ឋ មេត្តាផ្អាកសកម្មភាពធ្វើស្រូវប្រាំងបន្តទៀត។