ព័ត៌មានជាតិ

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមអញ្ជើញបើកកិច្ចប្រជុំរៀបចំផែនការអនុត្តគម្រោង IWRM ជាមួយធនាគារអភិវឌ្ឍន៍អាស៊ីជ

 

(ភ្នំពេញ)÷នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យចុងក្រោយលើការរៀបចំគោលនយោបាយយុទ្ធសាស្រ្ត និងផែនការអនុវត្តលើគម្រោងការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយមដោយវិធានការចម្រុះ(IWRM) ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងសហហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា គម្រោង IWRM នេះបានទទួលនូវការគាំទ្រយ៉ាងពេញលេញពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំពីធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជាបណ្តាដៃគូអភិវឌ្ឍន៍ទាំងអស់ដែលនឹងត្រូវចាប់ផ្តើមអនុវត្តមុនគេនិងជាលើកដំបូងលើប្រព័ន្ធធារាសាស្រ្តខ្នាតធំនៅក្នុងបណ្តាខេត្តភូមិភាគពាយ័ព្យ ហើយគម្រោងនេះក៏បន្តអភិវឌ្ឍលើមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យទឹក បញ្ជាទឹក ប្រើប្រាស់ទឹក និងឧតុនិយមផងដែរ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ការប្រជុំត្រួតពិនិត្យនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យមកពីបណ្តាក្រសួងពាក់ព័ន្ធនានា ឯកឧត្តម អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តពាក់ព័ន្ធ ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមក្នុងខេត្តគោលដៅ ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះទាំងអស់ក្រោមឱវាទក្រសួង ព្រមទាំងសហការីជាតិ និងអន្តរជាតិ៕