ព័ត៌មានជាតិ

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ដឹកនាំក្រុមបច្ចេកទេសក្រសួងចុះពិនិត្យប្រព័ន្ធធារាសាស្រ្តក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្ត បន្ទាយមានជ័យ

 

(ពោធិ៍សាត់ – បាត់ដំបង – បន្ទាយមានជ័យ)÷ក្នុងដំណើរចុះបេសកកម្មតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ក្រុមការងារបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងមន្រ្តីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ បានចុះពិនិត្យស្ថានភាពទឹក និងការងារថែទាំប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្រុមការងារបានចុះពិនិត្យការងារថែទាំជាប្រចាំនៃប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ស្ថិតក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រព័ន្ធធារាសាស្ត្រនេះត្រូវបានជួសជុល និងសាងសង់ឡើងវិញក្នុងឆ្នាំ២០២០ ដោយយកប្រភពទឹកពីស្ទឹងពោធិ៍សាត់ មានសក្តានុពលស្រោចស្រពលើផ្ទៃដីរដូវវស្សាប្រមាណ ២៣ ៧០០ហិកតា និងរដូវប្រាំងប្រមាណ ៩០០០ហិកតាក្នុងឃុំចំនួន ៨ នៃស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់ ព្រមទាំងជួយដល់ការគ្រប់គ្រងទឹកជំនន់ក្នុងតំបន់ និងជាផ្លូវគមនាគមន៍យ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផល។

នៅភូមិសាស្ត្រខេត្តបាត់ដំបងក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលគ្របដណ្តប់ស្រុកចំនួន ៤ មានស្រុកបាណន់ ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ ស្រុកសង្កែ និងក្រុងបាត់ដំបង។ ប្រព័ន្ធធារាសាស្ត្រកង្ហតទទួលយកទឹកពីទំនប់ពហុបំណងសេកសកស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណជាង ៦៧ ៧០០ហិកតា។ តាមការពិនិត្យជាក់ស្តែង ប្រព័ន្ធធារាសាស្ត្រកង្ហតបានតម្កល់ទឹកទុកគ្រប់គ្រាន់សម្រាប់បម្រើដល់ការប្រើប្រាស់ចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងខេត្តបន្ទាយមានជ័យ ក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរបានចុះពិនិត្យការងារគម្រោងថែទាំខួបនៃប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ស្ថិតក្នុងឃុំស្ពានស្រែង ឃុំភ្នំជី និងឃុំទឹកជោរ ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ប្រព័ន្ធធារាសាស្ត្រនេះមានប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងមួយភាគធំទៀតមកពីខេត្តសៀមរាប និងខេត្តឧត្តរមានជ័យតាមស្ទឹងស្រែង មានលទ្ធភាពស្រោចស្រពលើផ្ទៃដីរដូវវស្សាប្រមាណ ៦០៤៣ហិកតា និងរដូវប្រាំងប្រមាណ ៤៥០ហិកតា។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានដឹកនាំក្រុមបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងសហគមន៍កសិករប្រើប្រាស់ទឹកអាងត្រពាំងថ្ម បានចុះពិនិត្យស្ថានភាពទឹកអាងត្រពាំងថ្ម និងកិច្ចអន្តរាគមន៍បើកបង្ហូរទឹកតាមលក្ខណៈបច្ចេកទេស ដើម្បីបញ្ជូនទឹកទៅសង្រ្គោះផ្ទៃដីស្រូវប្រជាពលរដ្ឋប្រមាណ ៦៥០ហិកតា ស្ថិតនៅចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ក្នុងឃុំទានកាំ ឃុំរហាលស្រុកព្រះនេត្រព្រះ និងបានបញ្ជូនទឹកតាមដងស្ទឹងរំដួល ដើម្បីបម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះបានទាន់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានណែនាំឱ្យមន្ទីរ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមេត្តាយោគយល់អធ្យាស្រ័យគ្នា ក្នុងការចែកចាយ និងបែងចែកទឹក ប្រើប្រាស់ឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេស ជួយរក្សា និងប្រើប្រាស់ទឹកក្នុងអាងដោយការយកចិត្តទុកដាក់ និងសន្សំសំចៃខ្ពស់ រហូតដល់រដូវវស្សាខាងមុខទៀត។

តំណាងបងប្អូនប្រជាពលរដ្ឋ មេឃុំ អាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនប្រជាកសិករ នៃភូមិរំដួល ដែលជួបបញ្ហាខ្វះទឹកខ្លាំងជាងគេបានបង្ហាញនូវក្តីរីករាយ និងសូមថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់គិតគូរជាប្រចាំនូវសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដោយបានជួយដោះស្រាយបញ្ហាទាន់ពេលវេលា ប្រកបដោយតម្លាភាព៕