(ភ្នំពេញ)÷ថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំលុច្ស នៃក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកដំបូងរបស់អនុគណៈកម្មការរៀបចំតាក់តែង និងធ្វើបច្ចុប្បន្នកម្ម គោលនយោបាយ ផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយមរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានដែលជាសមាជិកអនុគណៈកម្មការ។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាលើ ៖
១) ធ្វើបច្ចុប្បន្នកម្មគោលនយោបាយជាតិលើវិស័យធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
២) រៀបចំតាក់តែងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពពាក់ព័ន្ធលើវិស័យធនធានទឹកនិងឧតុនិយម សម្រាប់ឆ្នាំ២០២៤-២០២៨។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្ដី សម្រេចលេខ១៤៨ បង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំតាក់តែង និងធ្វើបច្ចុប្បន្នកម្មច្បាប់ គោលនយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ដោយមានការបែងចែកជាអនុគណៈកម្មការចំនួន៥ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារគតិយុត្តរបស់ក្រសួង ដើម្បីឱ្យស្របនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕