(ភ្នំពេញ)÷នៅសាលប្រជុំលុច្ស នៃក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានអនុគណ:កម្មការទី២ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទី២ រៀបចំតាក់តែង និងធ្វើបច្ចុប្បន្នកម្មច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយករងកិច្ចការបច្ចេកទេស ប្រធាននាយកដ្ឋាននិងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកនៃអនុគណ:កម្មការទី២។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍បញ្ជាក់ពីភារកិច្ចរបស់អនុគណ:កម្មការទី២ ដែលរួមមាន៖
១) ធ្វើបច្ចុប្បន្នកម្មច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា
២) រៀបចំតាក់តែងអនុក្រឹត្យស្តីពីអាជ្ញាប័ណ្ណទឹក អនុក្រឹត្យស្តីពីគុណភាពទឹក អនុក្រឹត្យស្តីពីការគ្រប់គ្រងទឹកក្រោមដីនិងល្អាងទឹកក្រោមដី និងអនុក្រឹត្យពាក់ព័ន្ធផ្សេងៗទៀត
៣) ជួយពិនិត្យ និងកែសម្រួលសេចក្តីព្រាងប្រកាសរបស់ក្រសួង និងអន្តរក្រសួង ព្រមទាំងសេចក្តីសម្រេចពាក់ព័ន្ធនានា ដើម្បីបំពេញបន្ថែមដល់អនុក្រឹត្យដែលមានស្រាប់របស់ក្រសួង។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំនាពេលនេះគឺដើម្បីកំណត់នូវអាទិភាពចម្បងនៃការរៀបចំឯកសារគតិយុត្តទាំងអស់ខាងលើ ដើម្បីឱ្យនីតិវិធីនៃការអនុវត្តកាន់តែរលូន ត្រឹមត្រូវ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ហើយដែលជាលទ្ធផលអង្គប្រជុំបានកំណត់ និងសម្រេចយក អនុក្រឹត្យស្តីពីអាជ្ញាប័ណ្ណទឹក ជាអាទិភាពចម្បងទី១ដែលត្រូវធ្វើនិងសម្រេចឱ្យបានមុនគេ ដើម្បីធានាបានការអភិវឌ្ឍវិស័យធនធានទឹកប្រកបដោយនិរន្តរភាព និងចីរភាពសម្រាប់ជំនាន់ក្រោយ។
ឯកឧត្តមប្រធានអង្គប្រជុំបានណែនាំដល់សមាជិកទាំងអស់ត្រូវតែកំណត់ទិសដៅ និងស្វែងរកឯកសារយោង និងឯកសារពាក់ព័ន្ធនានា ដើម្បីជាមូលដ្ឋាន និងទឡ្ហីករណ៍ច្បាស់លាស់ក្នុងការរៀបចំបទដ្ឋានគតិយុត្តទាំងអស់នេះ និងសម្រាប់ការរៀបចំតាក់តែងច្បាប់ អនុក្រឹត្យ គោលនយោបាយ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត។
- ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ តាមរយៈការផ្តល់ជំនួយថវិកា ឬអ្នកជំនាញការអន្តរជាតិ ក្នុងការចុះសិក្សាស្រាវជ្រាវ ពិនិត្យជាក់ស្តែង ប្រមូលធាតុចូល និងចងក្រងរួមគ្នា ដើម្បីបានដឹងពីបញ្ហាប្រឈម និងតម្រូវការចាំបាច់នានារបស់បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធផ្សេងទៀត ព្រមទាំងបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់របស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលផងដែរ៕ដោយចាន់ ឆៃយុទ្ធ