(ព្រៃវែង)÷ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤ ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងដៃគូអង្គការ លោកគ្រូ អ្នកគ្រូ ការិយាល័យអប់រំក្រុង ស្រុក សរុបប្រមាណ៣០០នាក់។
ក្នុងពិធីបើកអង្គសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំ សិក្សា២០២៣-២០២៤ របស់មន្ទីរអប់រំយុវជននិងកីឡា នាឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានផ្ដល់អនុសាសន៍ជូនអង្គសន្និបាតទាំងមូលរួមមាន៖
១- គុណភាពអប់រំកើតចេញពីសម្ថភាព និងការខិតខំប្រឹងប្រែងរបស់សិស្ស និងគ្រូបង្រៀន យើងគួរបន្តយកចិត្តទុកដាក់ លើកកម្ពស់ និងអភិវឌ្ឍន៍សមត្ថភាពរបស់គ្រូ តាមរយៈការបណ្ដុៈបណ្តាល និងការពង្រាយគ្រូឲ្យបានសមស្របតាមតាមស្ថានភាពជាក់ស្ដែង
២- ត្រូវបន្តជំរុញ និងខិតខំប្រមូលកុមារដល់វ័យសិក្សា កុមារលើសអាយុសិក្សា និងយុវជនបោះបង់ការសិក្សា និងនៅក្រៅសាលារៀន មកទទួលសេវាអប់រំ ប្រកបដោយសមធម៌ និងគ្មានការរើសអើង
៣- ចំពោះការងារអប់រំកាយ និងកីឡា គួរបន្តខិតខំរៀបចំឲ្យមានកន្លែងលេងកីឡា និងលើកកម្ពស់ការអនុវត្តកម្មវិធីអប់រំកាយ និងការហ្វឹកហាត់កីឡានៅតាមគ្រឹះស្ថានសិក្សានានា និងជំរុញការប្រគួតកីឡាសិស្ស និងកីឡាមហាជនឲ្យបានទូលំទូលាយ និងជាប្រចាំ
៤-ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សានានាឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសផុតពីគ្រឿងញៀន និងក្មេងទំនើង។