(ភ្នំពេញ)÷នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។ ពិធីបិទសន្និបាតនេះមានការអញ្ជើញចូលរួមពីដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី, រដ្ឋមន្ដ្រីក្រសួង-ស្ថាប័ននានា ព្រមទាំងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ដ្រីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់របស់ក្រសួងមហាផ្ទៃ ជាច្រើនរូប។
គួរជម្រាបថា ក្រោយពីបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងមហាផ្ទៃ បានធ្វើទំនើបកម្មស្ថាប័ន ជាបណ្តើរៗបន្ថែម ដោយបានធ្វើវិចារណកម្មមុខងារ និងបានកែសម្រួលរបៀបរបបការងាររបស់អង្គភាពនីមួយៗឱ្យឆ្លើយតបទៅនឹងអាទិភាពការងារ និងការទទួលខុសត្រូវរបស់អង្គភាពទាំងនោះ ដោយក្នុងនោះ ក្នុងនីតិកាលថ្មីនេះ ក្រសួងបានដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី “ ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី និងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ” ដែលជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់មួយសម្រាប់ធ្វើជាផែនទីបង្ហាញផ្លូវក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តតួនាទី ភារកិច្ចជាសេនាធិការជូនរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដើម្បីចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យសម្រេចបានតាមគោលដៅ គោលបំណង និងចក្ខុវិស័យដែលបានកំណត់។