(ភ្នំពេញ)÷ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំរំដួល នៃទីស្តីការក្រសួង ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៧ របស់អនុគណៈកម្មការរៀបចំតាក់តែង និងធ្វើបច្ចុប្បន្នកម្មគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំលើកទី៧ នេះ មានការចូលរួមពីឯកឧត្តមអគ្គនាយកកិច្ចការរដ្ឋបាល ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋាន និងមន្ត្រីដែលជាសមាជិកអនុគណៈកម្មការ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ២០២៤-២០២៨ លើវិស័យធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ២០២៤-២០២៨ ដោយបានបែងចែកជា ៤ជំពូក៖ ជំពូកទី១៖ សមិទ្ធផលស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ ២០១៩-២០២៣ ជំពូកទី២៖ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ២០២៤-២០២៨ ជំពូកទី៣៖ ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល ៥ឆ្នាំ២០២៤-២០២៨ ជំពូកទី៤៖ សេចក្តីសន្និដ្ឋាន និងអនុសាសន៍សម្រាប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹកនិងឧតុនិយម រយៈពេល ៥ឆ្នាំ២០២៤-២០២៨។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងលម្អិតអំពីសេចក្តីព្រាងនេះ នូវទិន្នន័យ មាតិកា អត្ថន័យ អក្ខរាវិរុទ្ធ ការប្រើប្រាស់ពាក្យ មានការកែតម្រូវទៅលើខ្លឹមសារ ដើម្បីឱ្យបានច្បាស់លាស់ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងទៀតថា សេចក្តីព្រាងនេះ គ្រោងនឹងបញ្ចប់នៅក្នុងដើមខែមីនា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ដើម្បីដាក់ជូនឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យ សម្រេច និងចុះហត្ថលេខា៕